ខេត្តបន្ទាយមានជ័យ៖ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ដែលមាន លោក ប៉ាល់ សំអឿន អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកស្រី នួម សុភ័ណ សមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និង លោក អុី ឡុង សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា រួមដំណើរដោយ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្បៀង និងចាស់ជរា ៥០គ្រួសារ ក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅបរិវេណអនុវិទ្យាល័យព្រះនេត្រព្រះ។
ក្នុងឱកាសនោះលោក ប៉ាល់ សំអឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្បៀង និងចាស់ជរា ចំនួន៥០គ្រួសារចំនួន៤ចំណុចរួមមាន៖ ១. យើងទាំងគ្នារក្សាការពារអោយបានរឹងមាំនៅសុខសន្តិភាព សូមអរគុណសន្តិភាព មានសន្តិភាពមានការអភិវឌ្ឍន៍ ២. ចូរយើងប្រុងប្រយ័ត្នខ្ពស់អោយបានគ្រប់ៗគ្នា គ្រប់ក្រុមគ្រួសាររួមគ្នាបន្តប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដោយត្រូវចងចាំជានិច្ច ៣. ខិតខំជំរុញការងារកសិកម្ម(ធ្វើស្រែ ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំផ្សេងៗ) ៤. ចូរយើងគ្រប់ៗគ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍កាត់បន្ថយគ្រោះថ្នាក់ និងស្លាប់តាមដងផ្លូវ ស្របតាមការណែនាំ និងវិធានការសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្បៀង និងចាស់ជរា ៥០គ្រួសារ ក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ ១យួរ ត្រីខ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា១ និងសារ៉ុង១៕
ដោយ៖ សិលា