តាមរបាយការណ៍របស់ឧត្តមស្នងការអង្គសហប្រជាជាតិស្តីពីជនភៀសខ្លួន (UNHCR) បានប្រកាសនៅថ្ងៃទី១៨ ខែមិថុនាថា ៖ បច្ចុប្បន្ននៅលើពិភពលោក មានពលរដ្ឋជិត៨០លាននាក់បានចាកចោលផ្ទះសម្បែង ដោយសារតែអំពើហិង្សា ។ចំនួននេះគឺកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងមួយទសវត្សន៍មុន។
តាមរបាយការណ៍របស់ UNHCR បានបញ្ជាក់ថា ៖ ក្នុងចំណោមមនុស្ស ៩៧នាក់ នៅលើពិភពលោក គឺមានមនុស្សម្នាក់បានចាកចេញពីផ្ទះសម្បែង ដោយសារតែ សង្គ្រាមស៊ីវិល ជម្លោះជាតិសាសន៍ ភាគច្រើនគឺនៅក្នុងប្រទេសស៊ីរី សាធារណរដ្ឋកុងហ្គោ…។ គិតដល់ចុងឆ្នាំ២០១៩ នៅលើពិភពលោកមានពលរដ្ឋត្រូវរស់នៅក្នុងស្ថានភាពភៀសខ្លួនមានដល់ទៅ៧៩,៥ លាននាក់ សុំភៀសខ្លួនឬចាកចេញពីផ្ទះសម្បែងទៅរស់នៅកន្លែងផ្សេងទៀត។
ជាក់ស្តែងពលរដ្ឋ៤៦លាននាក់ក្នុងចំណោមជិត ៨០លាននាក់ បានចាកចេញពីផ្ទះទៅរស់នៅតំបន់ផ្សេងក្នុងប្រទេសដែលមិនមានអំពើហិង្សា។ ជាមួយគ្នានេះមានពលរដ្ឋ២៩លាននាក់បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស។ នៅក្នុងឆ្នាំ២០១៩មានពលរដ្ឋ១១លាននាក់បោះបង់ចោលផ្ទះសម្បែង ក្នុងនោះមាននៅក្នុងប្រទេសកើតសង្គ្រាមដូចជាស៊ីរី លីបង់ ស៊ូដងជាដើម។
ប្រធានអង្គការUNHCR លោកFilippo Grandi បានឲ្យដឹងថា៖ ពលរដ្ឋ១ភាគរយនៃពលរដ្ឋទាំងអស់នៅលើពិភពលោកជាង 7,79 ពាន់លាននាក់ មិនអាចវិលត្រឡប់ទៅផ្ទះឬស្រុកកំណើតដោយសារតែសង្គ្រាម អំពើហិង្សាជាតិសាសន៍…៕
ដោយ៖ ធី រីណា