នៅថ្ងៃទី១៨ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅក្នុងសន្និសីទកាសែតថា ចិនគោរពទៅតាមគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងទៀតនោះឡើយ។
កន្លងមកមានសារព័ត៌មានអាមេរិក បានដកស្រង់ខ្លឹមសារនៅក្នុងសៀវភៅរបស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton បញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានស្នើដល់ប្រធានាធិបតីចិន លោកស៊ី ជិនពីង ជួយឲ្យលោកជាប់ឆ្នោតមួយអាណត្តិទៀត សម្រាប់ការបោះឆ្នោត នៅដើមខែវិច្ឆិកា ខាងមុខ។
ចិនបានគោរពទៅតាមច្បាប់មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងនោះឡើយ ហើយចិនក៏គ្មានបំណងលូកដៃចូលកិច្ចការបោះឆ្នោតរបស់អាមេរិកនោះដែរ និងប្រទេសផ្សេងៗទៀត។
តាមសារព័ត៌មាន អាមេរិក នៅក្នុងសៀវភៅ ដែលមានចំណងជើងថា« “The Room Where It Happened: Memories of the White House” (ក្នុងបន្ទប់ដែលរឿងនោះបានកើតឡើង៖ អនុស្សាវរីយ៍ក្នុងសេតវិមាន ) របស់អតីតទីប្រឹក្សាសន្តិសុខជាតិ John Bolton ក៏បានលើកឡើងពីជំនួបរវាងលោកត្រាំ និងស៊ី ជីនពីង បានជួបពិភាក្សាគ្នាបន្ទាប់ពីកិច្ចប្រជុំG20នៅទីក្រុង អូសាកា ប្រទេសជប៉ុន កាលពីខែមិថុនាឆ្នាំ២០១៩។ នៅពេលនោះ លោកត្រាំបានស្នើដល់ចិន ជួយទិញផលិតផលកសិកម្មអាមេរិក ដើម្បីជួយឲ្យលោកទទួលបានការគាំទ្រពីបណ្តារដ្ឋដែលមានវិស័យកសិកម្មខ្ពស់។ ការដែលចិនជួយទិញសណ្តែក និងស្រូវសាលី គឺជាការជួយដល់ លោកត្រាំ ទទួលបានលទ្ធផលល្អក្នុងការបោះឆ្នោត៕