ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចូលរួម ពិធីដង្ហែក្បួនយោធា ក្នុងឱកាស ខួបអនុស្សាវរីយ៍ ដែលមេទ័ព de Gaulle អំពាវនាវឲ្យរួមគ្នា ប្រឆាំងរបបណាស៊ី អាល្លឺម៉ង់នៅថ្ងៃទី ១៨ ខែមិថុនាឆ្នាំ១៩៤០ នៅតំបន់ Suresnes ជាយក្រុងប៉ារីសប្រទេសបារាំង នាថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០។
ទីក្រុងឡុងដុង ជាកន្លែងសំខាន់ ដែល ប្រធានាធិបតី Emmanuel Macron ចូលរួមក្នុងទិវាអនុស្សាវរីយ៍ «ការអំពាវនាវថ្ងៃទី១៨ខែមិថុនា»។ កាលពី៨០ឆ្នាំមុន នៅថ្ងៃនេះ ១៨/០៦/១៩៤០ ពីទីក្រុងឡុងដុងវិទ្យុផ្សាយសំឡេង BBC មេទ័ព de Gaulle បានអំពាវនាវឲ្យពលរដ្ឋក្រោកឈរឡើង រំដោះបារំាងពីការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់។ ឆ្នាំ១៩៤០ រដ្ឋាភិបាលទីក្រុង ប៉ារីស បានចុះចាញ់ ហើយមេទ័ព de Gaulle ទៅកាន់ទីក្រុងឡុងដុងប្រទេសអង់គ្លេស ហើយពេលនោះនាយករដ្ឋមន្ត្រីអង់គ្លេស លោកWinston Churchill បានគាំទ្រចលនាតស៊ូដើម្បីទទួលបានសេរីភាព និងឯករាជ្យភាពសំរាប់បារាំង។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដុងនាពេលនេះរបស់ប្រធានាធិបតី បារាំង មានអត្ថន័យយ៉ាងធំធេង។ នេះជាលើកទីមួយដែលមេដឹកនាំបារាំង បានបំពេញទស្សនកិច្ចទៅក្រៅប្រទេស ក្រោយពេលតំបន់អឺរ៉ុបបិទទ្វារដោយសារតែកូវីដ១៩។ នេះក៏ជាពេលវេលា ដែលទីក្រុងប៉ារីស និងទីក្រុងឡុង បង្កើនចំណងមិត្តភាព កាន់តែជិតស្និទ្ធថែមទៀត ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុប Brexit។
ព្រះរាជបុត្រឆាល(Charles) និងព្រហេមហេសីCamilla នៅរសៀលថ្ងៃទី១៨ខែមិថុនានេះ បានទទួលស្វាគមន៍ ប្រធានាធិបតីម៉ាក្រុង នៅវិមានClarence House ក្នុងទីក្រុងឡុងដុង។
ក្រោយមក លោកម៉ាក្រុង ក៏បានទៅកាន់តំបន់ Calrton Gardens ដែលជាទីកន្លែង មេទ័ពde Gaulle ដាក់ទីស្នាក់ការនៃកងកម្លាំងសេរីបារាំង។ នាយករដ្ឋមន្ត្រីអង់គ្លេសក៏បានណែនាំឯកសារមួយចំនួនស្តីពីទំនាក់ទំនងរវាង មេទ័ពបារាំង និងនាយរដ្ឋមន្ត្រីអង់គ្លេស ក្នុងឆ្នាំ១៩៤០៕