ភ្នំពេញ៖ រសជាតិដ៏ផ្អែមក្រអូបឈ្ងុយឆ្ងាញ់នៃផ្លែទុរេន ប្រចាំខេត្តកំពតពិតជាមានឈ្មោះល្បី។ ថ្ងៃនេះ ដំណឹងមុនគេ នឹងនាំអារម្មណ៍ទស្សនិកជនមកទស្សនាទិដ្ឋភាពនៃចម្ការទុរេនមួយកន្លែងនាតំបន់ស្រុកទឹកឈូនៃខេត្តកំពត។ អ្វីដែលកាន់តែធ្វើឲ្យតំបន់នេះក្លាយជាភាពទាក់ទាញខ្លាំងថែមទៀតគឺនៅជាប់នឹងជើងភ្នំ ថែមទៀតផង។
ខាងក្រោមនេះគឺជាទិដ្ឋភាពនៃចម្ការទុរេនរបស់លោកប៉ាក គ្រឿន និងភរិយាអ្នកស្រី ហេង ស្រី ដែលបានដាំដំណាំទុរេនអស់រយៈពេលជិត២០ឆ្នាំមកហើយ លើផ្ទៃដីប្រមាន១ហិតតានាឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពតគឺជាប់នឹងជើងភ្នំកំចាយតែម្តង។ លោកថាព្រោះតែចួលចិត្តធម្មជាតិ និងការដាំដំណាំបានធ្វើឲ្យលោកឆ្លៀតពេលវេលាពីការរកស៊ិដើម្បីដាំដំណាំមួយនេះតាមលក្ខណៈធម្មជាតិសុទ្ធសាធ។ លោកថាក្នុងមួយហិចតា គេអាចដាំដើមទុរេនបានប្រមាណជា១០០ដើម ដែលគិតពីការចាប់ផ្តើមដាំគឺត្រូវការពេលប្រមាណ៥ឆ្នាំទើបទុរេនអាចប្រមូលផលបាន។ ក្នុងចម្ការលោកមានទុរេន៣ពូជ គឺ ម៉ាន់ ដន្តោងឃិត និងឪខាក់។ លោកបញ្ជាក់ថាដោយសារទុរេនរបស់លោកដាំដុះតាមបែបធម្មជាតិ លោកមិនប្រើប្រាស់ជីគីមី ឬថ្នាំជំនួយក្នុងដាំដុះ និងប្រមូលផលឡើយ ពោលគឺមានតែការថែទាំតាមទម្លាប់ និងសិក្សាវិធីសាស្ត្រតាមបច្ចេកទេសកសិកម្មប៉ុណ្ណោះ។ លោកបន្តថាទុរេន ១ឆ្នាំប្រមូលផលបានតែម្តងប៉ុណ្ណោះហើយទុរេនដែលសម្បូរគឺចាប់ពីចុងខែមេសា ដល់ខែមិថុនា ហើយដោយសារតែដាំដុះតាមបែបធម្មជាតិ ទើបធុរេនរបស់លោកប្រមូលផលយឺតជាងគេបន្តិច។ លោកថាតាមអាយុកាលរបស់ធូរេន មានដើមចាស់ខ្លះអាចឲ្យផលរហូតដល់៤០ឆ្នាំក៏មាន ហើយក្នុងមួយដើមអាចមានច្រើនផ្លែជាមធ្យមពី ៦០ទៅ៧០ ផ្លែហើយដើមដែលអាចមានផ្លែច្រើនរហូតដល់១០០ផ្លែ។ លោកថាបញ្ហាទីផ្សារលោកហាក់មិនសូវជាបារម្ភនោះទេ ព្រោះតែអ្នកទិញមួយចំនួនធ្លាប់បានស្គាល់ និងដឹងពីការដាំដុះតាមបែបធម្មជាតិរបស់លោក ហើយលោកនិយមលក់ចេញដោយផ្ទាល់ជាជាងការចុះមកម៉ៅដល់ចម្ការ ព្រោះលក់ផ្ទាល់បានប្រាក់កម្រៃខ្ពស់ និងអាចចែករំលែកទុរេនដាំដុះដោយធម្មជាតិទៅឲ្យអ្នកជិតដិត និងម៉ូយប្រចាំ បើទោះបីជាវាត្រូវចំណាយកម្លាំងច្រើនបន្តិចក្នុងការបេះនិងដឹកទៅក៏ដោយ។ ព្រោះតែការចូលចិត្តក្នុងការដាំដំណាំលោក ប៉ាក គ្រឿន និងភរិយាក៏មានចម្ការដំណាំផ្លែឈើផ្សេងទៀតនាតំបន់តាកែនកោះស្លាផងដែរ៕
ដោយ៖ វឌ្ឍនា