នាង Malala Yousafzai ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ២០១៤ បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំងក្រោយនាងបានបញ្ចប់មហាវិទ្យាល័យផ្នែក ទស្សនវិជ្ជា នយោបាយនិងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Oxford ។
តាមសារព័ត៌មាន Guardian បានផ្សាយថា មកទល់ពេលនេះនាង Malala Yousafzai ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងបានធ្វើសកម្មភាពផ្នែកសិទ្ធិមនុស្ស ជាង១ទសវត្សរ៍កន្លងមក គឺតាំងពីនាងនៅជាកុមារីមកម៉្លេះ។
នាង Malala Yousafzai បានលើកឡើងថា «ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានបញ្ចប់ការសិក្សាផ្នែកទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ចនៅមហាវិទ្យាល័យ Oxford ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្ថែមទៀតឡើយក្នុងពេលនេះ»។
នៅឆ្នាំ១៩៩៧ នាង Yousafzai មកពីតំបន់ Mingora ស្រុក Swat ខេត្ត Khyber ប្រទេសប៉ាគីស្ថាន។ នាងត្រូវបានគេស្គាល់ថាជាសកម្មជនសិទ្ធិមនុស្សតាំងពីកុមារ ដោយនាងតស៊ូទាមទារឲ្យកុមារបានទៅសាលារៀន។ នៅដើមឆ្នាំ២០០៩ ពេលទើបតែអាយុបាន១១-១២ឆ្នាំ នាង Malala Yousafzai ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយសរសេរBlog ឲ្យBBC រៀបរាប់ពីជីវិតរស់នៅរបស់នាងក្រោមគំនាបរបស់ក្រុមតាលីបង់។ នៅថ្ងៃទី៩ ខែតុលាឆ្នាំ២០១២ ខ្មាន់កាំភ្លើងតាលីបង់២នាក់ បានស្ទាក់រថយន្តដឹកសិស្ស ហើយបាញ់ចំក្បាល និងករបស់នាង។ ដោយការបន់ស្រន់របស់មនុស្សនៅលើពិភពលោក និងបុណ្យកុសល អំពើល្អរបស់នាង បានជួយនាងរួចផុតពីក្តីស្លាប់ ។ ក្រោយជាសះស្បើយពីជំងឺ នៅឆ្នាំ ២០១៤ នាងក៏ទទួលបានពានរង្វាន់ណូបែលសន្តិភាព៕
ដោយ៖ ធី រីណា