ការប្រឈមមុខតានតឹងដាក់គ្នារវាងឥណ្ឌានិឹងចិននៅតាមបណ្តោយព្រំដែន នៅពេលនេះកាន់តែមានភាពតានតឹងខ្លាំងឡើងថែមទៀត ក្រោយពេលចិនប្រកាសថា តំបន់ដែលមានវិវាទនោះជាទឹកដីរបស់ចិនតាមផ្លូវច្បាប់។
អ្នកឯកទេសវិទ្យាសាស្ត្រសង្គមចិនបានប្រកាសថា តំបន់ Galwan ទាំងមូលជាទីកន្លែងផ្ទុះអំពើហិង្សា រវាងទាហានចិននិឹងឥណ្ឌា គឺជាដែនដីរបស់ចិន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Global Times នៅថ្ងៃទី១៩ខែមិថុនា អ្នកឯកទេសស្រាវជ្រាវពីព្រំដែន Zhang Yongpan មកពីមជ្ឈមណ្ឌលស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានថ្លែងថា «មានឯកសារជាច្រើនតាំងពីរាជវង្សឈិងនៅឆ្នាំ(1644-1911) និងឯកសារលោកខាងលិចបានកត់សម្គាល់ឃើញជ្រលងភ្នំហ្គាល់វ៉ាន់ (Galwan) គឺជាទឹកដីរបស់ចិន…ពឹងផ្អែកទៅលើប្រវត្តិសាស្ត្រ ហើយចិនមានសិទ្ធិនៅក្នុងតំបន់នោះទាំងមូល។
សកម្មភាពខាងលើ បានធ្វើឲ្យស្ថានភាពកាន់តែតានតឹង ហើយពលរដ្ឋឥណ្ឌាបានចូលរួមធ្វើបាតុកម្ម ដោយប្រកាសថា បើទាហានឥណ្ឌាទៅវាយចិន ពលរដ្ឋនឹងចូលរួម។ ជាមួយគ្នានេះដែរ ឥណ្ឌាបានបញ្ជូនទាហានបន្ថែម១៥ពាន់នាក់ ទៅកាន់តំបន់ដែលមានវិវាទ ក្រោយ ការប៉ះទង្គិចគ្នាបណ្តាលឲ្យទាហានទាំងសងខាងស្លាប់និងរបួសជាច្រើន។
នេះជាការប្រឈមមុខតានតឹងដាក់គ្នាខ្លាំងជាងគេបំផុតរវាងឥណ្ឌានឹងចិនមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧៥ មកទល់ពេលនេះ។
តាមសារព័ត៌មាន The Time of India បានផ្សាយថា រដ្ឋាភិបាលឥណ្ឌាបានលើកឡើងថា កិច្ចពិភាក្សារវាងកម្លាំងទាហានឥណ្ឌា និឹងចិនបានពិភាក្សាគ្នាដើម្បីកាត់បន្ថយភាពតានតឹងជាបណ្តោះអាសន្ន។ ទាហានប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នានៅពេលខាងមុខទៀត។
កម្លាំងទាហានឥណ្ឌា ១៥ពាន់នាក់បានបញ្ជូនទៅកាន់តំបន់ Ladark ដោយបានត្រៀមលក្ខណៈរួចរាល់ ត្រៀមប្រយុទ្ធគ្រប់ពេលវេលា ។ ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា នៅពេលចាំបាច់កម្លាំងទាហាននឹងប្រើហិង្សាដើម្បីការពារព្រំដែនរបស់ខ្លួន៕
ដោយ៖ ធី រីណា