អន្តរជាតិ៖ លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកកំពុងស្ថិតនៅក្នុងតំណាក់ដ៏គ្រោះថ្នាក់ថ្មីមួយ… ដោយវីរុសនេះ (COVID-19) នៅតែបន្តឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ហើយនៅតែមានគ្រោះថ្នាក់បំផុតដល់អាយុជីវិតមនុស្ស ខណៈមនុស្សងាយរងគ្រោះនៅតែមានចំនួនច្រើនដដែល»។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។
ប្រមុខអង្គការសុខភាពពិភពលោករូបនេះ បានបន្ថែមនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា បច្ចុប្បន្នទ្វីបអាមេរិកជាពិសេសគឺប្រទេសប្រេស៊ីល, តំបន់អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា គឺជាតំបន់ដែល COVID-19 លុកលុយខ្លាំង។ ខណៈករណីឆ្លងរាតត្បាតCOVID-19 រហូតដល់ ១៥០,០០០ករណីថ្មី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយក្នុងចំណោមករណីឆ្លងទាំងនេះមានជាងពាក់កណ្ដាលនៅក្នុងទ្វីបអាមេរិក ដែលកំពុងប្រឈមមុខ នឹងស្ថានភាពឆ្លងកាន់តែអាក្រក់ឡើង។
បើតាមគេហទំព័រ worldometers ម៉ោង ៣និង០០នាទីរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកឆ្លង COVID-19 នៅទាំងពិភពលោកមានចំនួន ៨.៧លាននាក់ក្នុងនោះស្លាប់ ៤៦២,៨៧៦នាក់ និងជាសះស្បើយឡើងវិញ ៤.៦លាននាក់៕ដោយ៖ស តារា