ខេត្តក្រចេះ៖ នៅថ្ងៃសុក្រ ១៤ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងសហការី បានចុះចែកធាតុចូលកសិកម្មដែលមានដូចជា គ្រាប់ពូជ និងជីធម្មជាតិ ជូនដល់ក្រុមកសិករ ។
ការចែកនេះដែរ ក្នុងមួយគ្រួសារៗទទួលបានគ្រាប់ពូជបន្លែ៤មុខ និងជីធម្មជាតិ១ការ៉ុង ដល់ក្រុមកសិករអញ្ចើញមកពី ភូមិព្រែកប្រសព្វក្រោម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដែលមានសមាជិកសរុបចំនួន ៤៥គ្រួសារ ដែលគាំទ្រដោយគម្រោងឈេន (CHAIN)។ ទន្ទឹមនឹងនេះ ក្រុមការងារបានបន្តចុះពិនិត្យស្រូវបង្កើនរដូវដែលត្រៀមប្រមូលផល ដំណាំពោតស ដើម្បីយកស្នៀតពោត និងផ្លែពោតលក់ (មានតម្លៃ១៨ ០០០រៀលក្នុង១ផ្លូន) ដំណាំល្ហុង, ឪឡឹក (តម្លៃ ១០០០រៀលក្នុង១គីឡូក្រាម) ដំណាំត្រសក់ស្រូវ (៨០០រៀលក្នុង១គីឡូក្រាម) និងដំណាំត្រសក់ចំណារ (៨០០រៀល ក្នុង ១គីឡូ)។ បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យការចិញ្ចឹមទា និងក្រួច របស់កសិករ ឈ្មោះ រិន បូរ៉ា នៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ដែលចិញ្ចឹមទាយកពងចំនួន ១៤០០ក្បាល ដោយលក់ពង ១គ្រាប់ ក្នុងតម្លៃ ៤០០រៀល ៕
ដោយ៖ សហការី