ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បន្តដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌ សហកាជាមួយមន្ទីរពេទ្យបង្អែកចតុមុខ បាននាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ និង សង្កាត់ផ្សារកណ្តាលទី២ខណ្ឌដូនពេញ ។
ការចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងនៅថ្ងៃសុក្រ ១៤ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥ និង០០នាទីរសៀល ដែលប្រព្រឹត្តទៅនៅក្នុងទីធ្លា សាលាបឋមសិក្សា ព្រះនរោត្តមខណ្ឌដូនពេញ ។
លោក សុខ ពេញវុធ អភិបាលខណ្ឌ បានឲ្យដឹងថា អំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជានេះតាមរយៈ លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ ផ្សារកណ្តាលទី១ និង សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ សរុបចំនួន ៥៧គ្រួសារ ។ ក្នុងនោះលោកអភិបាលខណ្ឌ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម/គ្រួសារ មីជាតិ ចំនួន ០១កេស, សាប៊ូលាងដៃចំនួន០៤ដុំតូច, ទឹកត្រី១យួរ ថ្នាំដុះធ្មេញចំនួន ០១ឡូ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។
ដោយឡែសប្បុរសជនដែលបានចូលរួមឧបត្ថម្ភមានដូចជា ៖ ១–អង្ករចំនួន ៥៧បាវ ស្មើនឹង ១៤២៥គីឡូក្រាម ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច ។ ២–មីជាតិចំនួន ០១កេស សាប៊ូ ០៤ដុំ និង ទឹកត្រី ០១យួរ /៥៧គ្រួសារជាអំណោយរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។ ៣–ថវិកាចំនួន ២០,០០០រៀល /៥៧ គ្រួសារ ជាអំណោយរបស់ លោកអភិបាល ខណ្ឌ និង លោកប្រធានក្រុមការងារចុះជួយ សង្កាត់ផ្សារកណ្តាលទី១ និង សង្កាត់ផ្សារកណ្តាលទី២ ។ ៤–ថ្នាំដុះធ្មេញ ០១ឡូ /៥៧ គ្រួសារ ជាអំណោយ របស់ លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕ដោយ៖ស តារា