រឿងព្រេង​ទាក់ទង​នឹង​ដើម​កំណើត​ទំនៀម​ផ្កា​ស្លា​បី

ចែករំលែក៖

អតីត​និទាន​ពី​ព្រេង​នាយ​មក​ថា មាន​កុមារ​កំព្រា ៤ នាក់ ជា​សំឡាញ់​នឹង​គ្នា មាន​ឈ្មោះ​មិន​ប្រាកដ នៅ​ក្នុង​ស្រុក​តក្ក​សិលា2 បាន​បបួល​គ្នា​ទៅ​រក​រៀន​សិល្ប​សាស្ត្រ ។ លុះ​ទៅ​ដល់​ចុង​ស្រុក​តក្ក​សិលា បាន​ជួប​នឹង​អាចារ្យ​ទិសាបាមោក្ខ​ជាតិ​ព្រាហ្មណ៍​ម្នាក់ ដែល​ជា​អ្នក​បង្រៀន​សិល្បវិជ្ជា​គ្រប់​មុខ ហើយ​កុមារ​ទាំង ៤ នាក់ ក៏​ចូល​ទៅ​លើក​ដៃ​សំពះ​ក្រាប​ជិត​បាត​ជើង ហើយ​ពោល​វាចា​ឲ្យ​លំទោន​ថា “ព្រះ​អាចារ្យ​ម្ចាស់​ខ្ញុំ​អើយ ! ខ្ញុំ​បាទ​ទាំង ៤ នាក់​នេះ ជា​មនុស្ស​ទី​ទ័ល​ក្រ​លំបាក​ណាស់ គ្មាន​ឪពុក-ម្ដាយ​ជា​ពុំ​នាក់​អាស្រ័យ​ទេ យើង​ខ្ញុំ​ចូល​មក​សូម​ជ្រក​កោន​ពឹង​បុណ្យ​លោក តាម​តែ​លោក​អាណិត​អាសូរ ឲ្យ​រៀន​សិល្ប​សាស្ត្រ​ផង​ចុះ ។ អាចារ្យ​ឮ​ដូច្នោះ មាន​ចិត្ត​អាណិត​មេត្តា ក៏​ស្រែក​ហៅ​ទៅ​ភរិយា​ថា “ភាណ​អើយ ! ចូល​មក​អាយ !” ។ ប្រពន្ធ​ឮ ក៏​ស្ទុះ​មក​ដល់​ភ្លាម ។ អាចារ្យ ក៏​និយាយ​ប្រាប់​សព្វ​គ្រប់ រួច​ប្រគល់​កុមារ​ទាំង ៤ នាក់​ឲ្យ​ទៅ​ប្រពន្ធ ។ កុមារ​ទាំង​នោះ ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​អាចារ្យ អស់​ចំនួន ៥ ឆ្នាំ មិន​ឲ្យ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ដល់​ម្ដង​ឡើយ ។ អាចារ្យ​ក៏​មាន​មេត្តា​ឲ្យ​រៀន​សិល្ប៍​វិជ្ជា​គ្រប់​គ្នា គឺ​ម្នាក់​ឲ្យ​រៀន​គម្ពីរ​ហោរា, ម្នាក់​ឲ្យ​រៀន​សិល្ប៍​បាញ់​ធ្នូ-ស្នា, ម្នាក់​ឲ្យ​រៀន​សិល្ប៍​មុជ​ទឹក, ម្នាក់​ទៀត​ឲ្យ​រៀន​សិល្ប៍​ប្រស់​ជីវិត​មនុស្ស-សត្វ​ដែល​ស្លាប់​ហើយ​ឲ្យ​រស់​វិញ​បាន ។ ទាំង ៤ នាក់ ចេះ​សិល្ប៍​ដ៏​វិសេស​ផ្សេង​ៗ គ្នា ។

សម័យ​ថ្ងៃ​មួយ កុមារ​ទាំង ៤ នាក់​គិត​គ្នា​ថា យើង​រៀន​សិល្ប៍​ចេះ​ចប់​គ្រប់​គ្នា​ហើយ គួរ​យើង​នាំ​គ្នា​លា​ព្រះ​អាចារ្យ​យើង ទៅ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ប្រពន្ធ​កូន​រៀង​ខ្លួន​ចុះ” គិត​ព្រមព្រៀង​គ្នា​ស្រេច ក៏​ចូល​ទៅ​ក្រាប​លា​អាចារ្យ ថា​សុំ​លា​ទៅ​រក​លាភ​សក្ការៈ បុត្រ ភរិយា ។ អាចារ្យ​ក៏​បើក​ឲ្យ​ទៅ​តាម​សេចក្ដី​ប្រាថ្នា ឥត​បើ​ជំទាស់​ឃាត់​ឃាំង​ឡើយ ។

កុមារ​ទាំង ៤ នាក់ លុះ​ដើរ​ទៅ​ដល់​នឹង​សមុទ្រ​ធំ រក​ទូក ឬ​សំពៅ​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ពុំ​បាន ក៏​នាំ​គ្នា​ដេក​សម្រាក ក្រោម​ដើម​ឈើ​នៅ​មាត់​សមុទ្រ​នោះ ហើយ​កុមារ​ទាំង ៣ និយាយ​នឹង​កុមារ​ហោរា​ថា “ឱ ! សំឡាញ់​អើយ ! សំឡាញ់​ឯង​បាន​រៀន​ខាង​វិជ្ជា​ហោរា​សាស្ត្រ យើង​ចង់​ដឹង​ណាស់ ថា​តើ​វិជ្ជា​នោះ​ពូកែ​សក្ដិ​សិទ្ធិ​យ៉ាង​ណា ? ចូរ​អ្នក​វាយ​លេខ​ទាយ​ល​មើល ! ថ្ងៃ​ស្អែក​នេះ យើង​នឹង​បាន​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ឬ​ទេ ? មួយ​ទៀត តើ​យើង​នឹង​មាន​លាភ​បាន​អ្វី​ស៊ី​ខ្លះ ?” ។ កុមារ​ហោរា ក៏​តាំង​វាយ​លេខ​មើល​សព្វ​គ្រប់​ទៅ ទាយ​ថា “ស្អែក​នេះ ពេល​ព្រឹក ថ្ងៃ​ពេញ​ពន្លឺ យើង​នឹង​មាន​មហា​លាភ​ធំ, តាម​ទំនាយ​ថា នឹង​មាន​សត្វ​ហត្ថី​លិង្គ (ឥន្ទ្រី) ឆាប​ពាំ​នាំ​កូន​ក្រមុំ​ស្ដេច​មួយ ហើរ​ឆ្លង​សមុទ្រ​មក​ពី​ទិស​បូព៌​ប្រាកដ, តើ​ពួក​អ្នក​នឹង​គិត​យ៉ាង​ដូច​ម្ដេច ?” ។ កុមារ​ចេះ​បាញ់​ធ្នូ​ទទួល​រ៉ាប់​រង​ថា ” ត្រង់​នេះ ទុក​ងារ​ឲ្យ​ខ្ញុំ ៗ នឹង​បាញ់ ដណ្ដើម​យក​ពី​មាត់​សត្វ​នោះ ឲ្យ​បាន​ដោយ​ងាយ កុំ​បារម្ភ !” ។

លុះ​ព្រឹក​ឡើង ពេល​ថ្ងៃ​ពេញ​ពន្លឺ សត្វ​ឥន្ទ្រី​ក៏​ពាំ​កូន​ក្រមុំ​ស្ដេច ហើរ​ឆ្លង​សមុទ្រ​មក​មែន ។ កុមារ​ចេះ​បាញ់ ហេតុ​តែ​ត្រេក​អរ​ពេក​ឥត​បាន​ពិចារណា ក៏​វាត់​ធ្នូ​ផ្ទាប់​សរ​បាញ់​ទៅ​ភ្លាម ត្រូវ​សត្វ​ធ្លាក់​ទាំង​នាង​ក្រមុំ​កណ្ដាល​សមុទ្រ ។ កុមារ​ចេះ​មុជ​ទឹក​ធានា​ខ្លួន​ថា “ខ្ញុំ​នឹង​ហែល​ទឹក មុជ​ទៅ​យក​នាង​មក ឲ្យ​បាន​ពី​ក្នុង​សមុទ្រ” ហើយ​លោត​ទឹក​ហែល​ទៅ​យក​នាង​បាន​មក​ដូច​ពាក្យ​ថា, តែ​នាង​នោះ​ផុត​រលត់​សង្ខារ​ទៅ​ហើយ ។ កុមារ​ចេះ​ប្រស់​ថា “ខ្ញុំ​នឹង​ប្រស់​នាង​ឲ្យ​រស់​ឡើង​វិញ” ហើយ​ក៏​សូធ្យ​សេក​សិល្ប៍​វិជ្ជា ប្រស់​នាង​នោះ​រស់​ឡើង ។ នាង​នោះ មាន​រូប​រាង​ដ៏​ល្វត​ល្វន់​ស័ក្ដិ​សម ព្រោះ​នាង​ជា​បុត្រី​មហា​ក្សត្រ ។ កុមារ​ទាំង ៤ ក៏​ដណ្ដើម​នាង​ចង់​បាន​ធ្វើ​ជា​ប្រពន្ធ​តែ​រៀង​ខ្លួន ។ កុមារ​ហោរា​ថា “នាង​នេះ​ត្រូវ​បាន​យើង ព្រោះ​ហេតុ​ដើម​កើត​ពី​យើង​ទាយ” ។ កុមារ​ចេះ​បាញ់​ថា “អ្នក​គ្រាន់​តែ​ទាយ កុំ​តែ​យើង​បាញ់​ធ្វើ​ម្ដេច​បាន ! ត្រូវ​តែ​ឲ្យ​នាង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ​យើង” ។ កុមារ​ចេះ​មុជ​ទឹក​ថា “អ្នក​បាញ់​ធ្លាក់​កណ្ដាល​សមុទ្រ​មែន តែ​កុំ​បាន​យើង​មុជ​ទឹក​ទៅ​យក​មក ធ្វើ​ម្ដេច​នឹង​បាន ! ត្រូវ​ឲ្យ​នាង​នេះ មក​ធ្វើ​ជា​ប្រពន្ធ​យើង” ។ កុមារ​ចេះ​ប្រស់​ថា “អ្នក​ទៅ​យក​ពី​ក្នុង​ទឹក​មក​មែន តែ​នាង​នោះ​អស់​ជីវិត​ទៅ​ហើយ, បើ​កុំ​តែ​បាន​យើង​ចេះ​ប្រស់ ធ្វើ​ម្ដេច​នាង​នឹង​បាន​រស់​ឡើង​វិញ ! ត្រូវ​ឲ្យ​នាង​នេះ​មក​ធ្វើ​ប្រពន្ធ​យើង” ។ កុមារ​ទាំង ៤ នាក់​មិន​សុខ​ចិត្ត​រៀង​ខ្លួន ក៏​នាំ​គ្នា​បណ្ដើរ​ស្រី​នោះ​ទៅ​រក​ចៅក្រម​កាត់​ក្ដី​ឲ្យ ។

វេលា​នោះ ព្រះ​ពោធិសត្វ យក​កំណើត​ជា​កូន​កុដុម្ពីក៍ នៅ​ស្រុក​ចន្ទ​គ្រាម3 លោក​តែង​តែ​ទៅ​គាល់​បម្រើ​ព្រះ​មហា​ក្សត្រ ស្ដេច​តាំង​ងារ​ជា​សភាចារ​បុរិសោ សម្រេច​សេចក្ដី​ខាង​តុលាការ ។

កុមារ​ទាំង ៤ នាក់ ក៏​នាំ​គ្នា​ចូល​ទៅ​ប្ដឹង​មិន​សុខ​ចិត្ត ពី​រឿង​ដណ្ដើម​ប្រពន្ធ​គ្នា​នោះ ។ ពោធិសត្វ ទទួល​បណ្ដឹង​ហើយ ឲ្យ​កត់​ចម្លើយ​គ្រប់​គ្នា ទ្រង់​ឈ្វេង​យល់​ដឹង​សេចក្ដី​ដោយ​ព្រះ​ប្រាជ្ញា ក៏​បង្គាប់​ទៅ​កុមារ​ហោរា និង​កុមារ​ចេះ​ប្រស់ ឲ្យ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ស្មើ​គ្នា, កុមារ​ចេះ​បាញ់ ឲ្យ​អង្គុយ​បន្ទាប់​ក្រោម, កុមារ​ចេះ​មុជ​ទឹក ឲ្យ​អង្គុយ​ប្រារព្ធ​ពី​ក្រោម​បង្អស់, ហើយ​ព្រះ​បរម​ពោធិសត្វ សម្ដែង​ធម្ម​ត្រី​ចរិយា​ឲ្យ​ស្ដាប់ រួច​កាត់​សេចក្ដី​ថា “កុមារ​ទាំង ៤ អើយ ! ចូរ​ផ្ទៀង​ត្រចៀក​ទាំង​ពីរ​ស្ដាប់, យើង​នឹង​សម្រេច​សេចក្ដី​ដោយ​យុត្តិធម៌” រួច​ពោធិសត្វ​ប្រជុំ​ចៅក្រម​ទាំង​អស់ កាត់​សេចក្ដី​ថា “កុមារ​ហោរា​ដែល​ចេះ​ទាយ ត្រូវ​លើក​ទុក​ជា​ឪពុក​នាង, កុមារ​ចេះ​ប្រស់​ឲ្យ​រួច​ជីវិត ដូចជា​មាតា​ឲ្យ​ទឹក​ក្សីរ​ដល់​បុត្រ ត្រូវ​ទុក​ជា​ម្ដាយ​នាង កុមារ​ចេះ​បាញ់ ត្រូវ​ទុក​ជា​បង​បង្កើត​របស់​នាង ព្រោះ​បង រមែង​កាន់​ជាតិ​ត្រកូល​ជួយ​ការ​ពារ​សង្គ្រោះ​ប្អូន​ស្រី, កុមារ​ចេះ​មុជ​ទឹក ត្រូវ​ទុក​ជា​ប្ដី​នាង​នេះ ព្រោះ​គេ​បាន​ទៅ​ប៉ះ​ពាល់​រូប​កាយ​នាង តាំង​ពីរ​ក្នុង​ទឹក​មក​មុន​គេ” ។ កុមារ​ទាំង ៤ ក៏​ទទួល​ព្រម​តាម​ពាក្យ​ពោធិសត្វ​កាត់​សេចក្ដី ។ ហើយ​ទូល​ពោធិសត្វ​ថា “លោក​រៀប​ទុក​ដាក់​យើង​ខ្ញុំ​ជា​ឪពុក ជា​ម្ដាយ ជា​បង នេះ​យើង​ខ្ញុំ​សុខ​ចិត្ត​ហើយ តែ​សូម​លោក​មេត្តា​ជ្រើស​រើស​រក​របស់​អ្វី​ដ៏​ប្រសើរ ទុក​តំណាង​ជា​មង្គល​តទៅ​មុខ នឹង​បាន​ឲ្យ​កូន​ប្រសា​គំនាប់​ឪពុក​ម្ដាយ និង​បង ក្នុង​គ្រា​នេះ​ផង ។ ពោធិសត្វ​ក៏​ទ្រង់​ព្រះ​តម្រិះ​ថា “ជាតិ​ជា​ព្រះ​មហា​ក្សត្រ ត្រូវ​មាន​ស្លា​ព្រះ​ពរ ៣, ចំណែក​មហា​ជន ត្រូវ​ប្រែ​ឲ្យ​ហៅថា “ផ្លា​ស្លា ៣” វិញ, រួច​ទើប​ពោធិសត្វ​ឲ្យ​ទៅ​កាត់​ផ្កា​ស្លា​មួយ​ខ្ព យក​មក​រៀប​តុប​តែង​បែង​ជា ៣ ចំណែក, ចំណែក​ទុក​ជា​ធំ ត្រូវ​ឪពុក​ម្ដាយ​ទទួល​ផ្ទាល់​ពី​ដៃ​កូន​ប្រសា, ចំណែក​ផ្កា​ស្លា​ទី ២ ត្រូវ​បង​បង្កើត ឪពុក​ធំ ឬ មា​មីង​ទទួល, ចំណែក​ផ្កា​ស្លា​ពៅ ត្រូវ​ញាតិ​សារ​លោហិត​មិត្ត​សំឡាញ់​ទទួល” ។ ស៊ុម​ផ្កា ដែល​ធំ​ជាង​គេ ត្រូវ​តម្កល់​ទុក ៣ ថ្ងៃ ទើប​យក​ទៅ​ប្រគេន​ព្រះ​សមណ​ជី​ព្រាហ្មណ៍​ព្រឹទ្ធាចារ្យ ដើម្បី​សុំ​ពរ​ទាំង ៣ (គឺ អាយុ សុខ ពល) ។ ឯ​ស៊ុម​ផ្កា​កណ្ដាល និង​ពៅ ត្រូវ​កាត់​ស្រាយ​ក្នុង​ពេល​នោះ ចែក​ញាតិ​សារ​លោហិត​មិត្ត​សំឡាញ់​បាច​ទៅ​លើ​ស្វាមី​គូ​ភរិយា​ថ្មី ឲ្យ​សព្ទ​សាធុការ​ពរ តាម​បែប​និយម​ទៅ ។

ទំនៀម​នេះ ក៏​ត​ជាប់​រៀង​រហូត​មក​ដល់​យើង​ឥឡូវ ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print