អតីតនិទានពីព្រេងនាយមកថា មានកុមារកំព្រា ៤ នាក់ ជាសំឡាញ់នឹងគ្នា មានឈ្មោះមិនប្រាកដ នៅក្នុងស្រុកតក្កសិលា2 បានបបួលគ្នាទៅរករៀនសិល្បសាស្ត្រ ។ លុះទៅដល់ចុងស្រុកតក្កសិលា បានជួបនឹងអាចារ្យទិសាបាមោក្ខជាតិព្រាហ្មណ៍ម្នាក់ ដែលជាអ្នកបង្រៀនសិល្បវិជ្ជាគ្រប់មុខ ហើយកុមារទាំង ៤ នាក់ ក៏ចូលទៅលើកដៃសំពះក្រាបជិតបាតជើង ហើយពោលវាចាឲ្យលំទោនថា “ព្រះអាចារ្យម្ចាស់ខ្ញុំអើយ ! ខ្ញុំបាទទាំង ៤ នាក់នេះ ជាមនុស្សទីទ័លក្រលំបាកណាស់ គ្មានឪពុក-ម្ដាយជាពុំនាក់អាស្រ័យទេ យើងខ្ញុំចូលមកសូមជ្រកកោនពឹងបុណ្យលោក តាមតែលោកអាណិតអាសូរ ឲ្យរៀនសិល្បសាស្ត្រផងចុះ ។ អាចារ្យឮដូច្នោះ មានចិត្តអាណិតមេត្តា ក៏ស្រែកហៅទៅភរិយាថា “ភាណអើយ ! ចូលមកអាយ !” ។ ប្រពន្ធឮ ក៏ស្ទុះមកដល់ភ្លាម ។ អាចារ្យ ក៏និយាយប្រាប់សព្វគ្រប់ រួចប្រគល់កុមារទាំង ៤ នាក់ឲ្យទៅប្រពន្ធ ។ កុមារទាំងនោះ ខំយកចិត្តទុកដាក់បម្រើអាចារ្យ អស់ចំនួន ៥ ឆ្នាំ មិនឲ្យមានការអាក់អន់ស្រពន់ចិត្តដល់ម្ដងឡើយ ។ អាចារ្យក៏មានមេត្តាឲ្យរៀនសិល្ប៍វិជ្ជាគ្រប់គ្នា គឺម្នាក់ឲ្យរៀនគម្ពីរហោរា, ម្នាក់ឲ្យរៀនសិល្ប៍បាញ់ធ្នូ-ស្នា, ម្នាក់ឲ្យរៀនសិល្ប៍មុជទឹក, ម្នាក់ទៀតឲ្យរៀនសិល្ប៍ប្រស់ជីវិតមនុស្ស-សត្វដែលស្លាប់ហើយឲ្យរស់វិញបាន ។ ទាំង ៤ នាក់ ចេះសិល្ប៍ដ៏វិសេសផ្សេងៗ គ្នា ។
សម័យថ្ងៃមួយ កុមារទាំង ៤ នាក់គិតគ្នាថា យើងរៀនសិល្ប៍ចេះចប់គ្រប់គ្នាហើយ គួរយើងនាំគ្នាលាព្រះអាចារ្យយើង ទៅស្វែងរកទ្រព្យសម្បត្តិប្រពន្ធកូនរៀងខ្លួនចុះ” គិតព្រមព្រៀងគ្នាស្រេច ក៏ចូលទៅក្រាបលាអាចារ្យ ថាសុំលាទៅរកលាភសក្ការៈ បុត្រ ភរិយា ។ អាចារ្យក៏បើកឲ្យទៅតាមសេចក្ដីប្រាថ្នា ឥតបើជំទាស់ឃាត់ឃាំងឡើយ ។
កុមារទាំង ៤ នាក់ លុះដើរទៅដល់នឹងសមុទ្រធំ រកទូក ឬសំពៅនឹងឆ្លងទៅត្រើយម្ខាងពុំបាន ក៏នាំគ្នាដេកសម្រាក ក្រោមដើមឈើនៅមាត់សមុទ្រនោះ ហើយកុមារទាំង ៣ និយាយនឹងកុមារហោរាថា “ឱ ! សំឡាញ់អើយ ! សំឡាញ់ឯងបានរៀនខាងវិជ្ជាហោរាសាស្ត្រ យើងចង់ដឹងណាស់ ថាតើវិជ្ជានោះពូកែសក្ដិសិទ្ធិយ៉ាងណា ? ចូរអ្នកវាយលេខទាយលមើល ! ថ្ងៃស្អែកនេះ យើងនឹងបានឆ្លងទៅត្រើយម្ខាងឬទេ ? មួយទៀត តើយើងនឹងមានលាភបានអ្វីស៊ីខ្លះ ?” ។ កុមារហោរា ក៏តាំងវាយលេខមើលសព្វគ្រប់ទៅ ទាយថា “ស្អែកនេះ ពេលព្រឹក ថ្ងៃពេញពន្លឺ យើងនឹងមានមហាលាភធំ, តាមទំនាយថា នឹងមានសត្វហត្ថីលិង្គ (ឥន្ទ្រី) ឆាបពាំនាំកូនក្រមុំស្ដេចមួយ ហើរឆ្លងសមុទ្រមកពីទិសបូព៌ប្រាកដ, តើពួកអ្នកនឹងគិតយ៉ាងដូចម្ដេច ?” ។ កុមារចេះបាញ់ធ្នូទទួលរ៉ាប់រងថា ” ត្រង់នេះ ទុកងារឲ្យខ្ញុំ ៗ នឹងបាញ់ ដណ្ដើមយកពីមាត់សត្វនោះ ឲ្យបានដោយងាយ កុំបារម្ភ !” ។
លុះព្រឹកឡើង ពេលថ្ងៃពេញពន្លឺ សត្វឥន្ទ្រីក៏ពាំកូនក្រមុំស្ដេច ហើរឆ្លងសមុទ្រមកមែន ។ កុមារចេះបាញ់ ហេតុតែត្រេកអរពេកឥតបានពិចារណា ក៏វាត់ធ្នូផ្ទាប់សរបាញ់ទៅភ្លាម ត្រូវសត្វធ្លាក់ទាំងនាងក្រមុំកណ្ដាលសមុទ្រ ។ កុមារចេះមុជទឹកធានាខ្លួនថា “ខ្ញុំនឹងហែលទឹក មុជទៅយកនាងមក ឲ្យបានពីក្នុងសមុទ្រ” ហើយលោតទឹកហែលទៅយកនាងបានមកដូចពាក្យថា, តែនាងនោះផុតរលត់សង្ខារទៅហើយ ។ កុមារចេះប្រស់ថា “ខ្ញុំនឹងប្រស់នាងឲ្យរស់ឡើងវិញ” ហើយក៏សូធ្យសេកសិល្ប៍វិជ្ជា ប្រស់នាងនោះរស់ឡើង ។ នាងនោះ មានរូបរាងដ៏ល្វតល្វន់ស័ក្ដិសម ព្រោះនាងជាបុត្រីមហាក្សត្រ ។ កុមារទាំង ៤ ក៏ដណ្ដើមនាងចង់បានធ្វើជាប្រពន្ធតែរៀងខ្លួន ។ កុមារហោរាថា “នាងនេះត្រូវបានយើង ព្រោះហេតុដើមកើតពីយើងទាយ” ។ កុមារចេះបាញ់ថា “អ្នកគ្រាន់តែទាយ កុំតែយើងបាញ់ធ្វើម្ដេចបាន ! ត្រូវតែឲ្យនាងនោះមកធ្វើជាប្រពន្ធយើង” ។ កុមារចេះមុជទឹកថា “អ្នកបាញ់ធ្លាក់កណ្ដាលសមុទ្រមែន តែកុំបានយើងមុជទឹកទៅយកមក ធ្វើម្ដេចនឹងបាន ! ត្រូវឲ្យនាងនេះ មកធ្វើជាប្រពន្ធយើង” ។ កុមារចេះប្រស់ថា “អ្នកទៅយកពីក្នុងទឹកមកមែន តែនាងនោះអស់ជីវិតទៅហើយ, បើកុំតែបានយើងចេះប្រស់ ធ្វើម្ដេចនាងនឹងបានរស់ឡើងវិញ ! ត្រូវឲ្យនាងនេះមកធ្វើប្រពន្ធយើង” ។ កុមារទាំង ៤ នាក់មិនសុខចិត្តរៀងខ្លួន ក៏នាំគ្នាបណ្ដើរស្រីនោះទៅរកចៅក្រមកាត់ក្ដីឲ្យ ។
វេលានោះ ព្រះពោធិសត្វ យកកំណើតជាកូនកុដុម្ពីក៍ នៅស្រុកចន្ទគ្រាម3 លោកតែងតែទៅគាល់បម្រើព្រះមហាក្សត្រ ស្ដេចតាំងងារជាសភាចារបុរិសោ សម្រេចសេចក្ដីខាងតុលាការ ។
កុមារទាំង ៤ នាក់ ក៏នាំគ្នាចូលទៅប្ដឹងមិនសុខចិត្ត ពីរឿងដណ្ដើមប្រពន្ធគ្នានោះ ។ ពោធិសត្វ ទទួលបណ្ដឹងហើយ ឲ្យកត់ចម្លើយគ្រប់គ្នា ទ្រង់ឈ្វេងយល់ដឹងសេចក្ដីដោយព្រះប្រាជ្ញា ក៏បង្គាប់ទៅកុមារហោរា និងកុមារចេះប្រស់ ឲ្យអង្គុយលើអាសនៈខ្ពស់ស្មើគ្នា, កុមារចេះបាញ់ ឲ្យអង្គុយបន្ទាប់ក្រោម, កុមារចេះមុជទឹក ឲ្យអង្គុយប្រារព្ធពីក្រោមបង្អស់, ហើយព្រះបរមពោធិសត្វ សម្ដែងធម្មត្រីចរិយាឲ្យស្ដាប់ រួចកាត់សេចក្ដីថា “កុមារទាំង ៤ អើយ ! ចូរផ្ទៀងត្រចៀកទាំងពីរស្ដាប់, យើងនឹងសម្រេចសេចក្ដីដោយយុត្តិធម៌” រួចពោធិសត្វប្រជុំចៅក្រមទាំងអស់ កាត់សេចក្ដីថា “កុមារហោរាដែលចេះទាយ ត្រូវលើកទុកជាឪពុកនាង, កុមារចេះប្រស់ឲ្យរួចជីវិត ដូចជាមាតាឲ្យទឹកក្សីរដល់បុត្រ ត្រូវទុកជាម្ដាយនាង កុមារចេះបាញ់ ត្រូវទុកជាបងបង្កើតរបស់នាង ព្រោះបង រមែងកាន់ជាតិត្រកូលជួយការពារសង្គ្រោះប្អូនស្រី, កុមារចេះមុជទឹក ត្រូវទុកជាប្ដីនាងនេះ ព្រោះគេបានទៅប៉ះពាល់រូបកាយនាង តាំងពីរក្នុងទឹកមកមុនគេ” ។ កុមារទាំង ៤ ក៏ទទួលព្រមតាមពាក្យពោធិសត្វកាត់សេចក្ដី ។ ហើយទូលពោធិសត្វថា “លោករៀបទុកដាក់យើងខ្ញុំជាឪពុក ជាម្ដាយ ជាបង នេះយើងខ្ញុំសុខចិត្តហើយ តែសូមលោកមេត្តាជ្រើសរើសរករបស់អ្វីដ៏ប្រសើរ ទុកតំណាងជាមង្គលតទៅមុខ នឹងបានឲ្យកូនប្រសាគំនាប់ឪពុកម្ដាយ និងបង ក្នុងគ្រានេះផង ។ ពោធិសត្វក៏ទ្រង់ព្រះតម្រិះថា “ជាតិជាព្រះមហាក្សត្រ ត្រូវមានស្លាព្រះពរ ៣, ចំណែកមហាជន ត្រូវប្រែឲ្យហៅថា “ផ្លាស្លា ៣” វិញ, រួចទើបពោធិសត្វឲ្យទៅកាត់ផ្កាស្លាមួយខ្ព យកមករៀបតុបតែងបែងជា ៣ ចំណែក, ចំណែកទុកជាធំ ត្រូវឪពុកម្ដាយទទួលផ្ទាល់ពីដៃកូនប្រសា, ចំណែកផ្កាស្លាទី ២ ត្រូវបងបង្កើត ឪពុកធំ ឬ មាមីងទទួល, ចំណែកផ្កាស្លាពៅ ត្រូវញាតិសារលោហិតមិត្តសំឡាញ់ទទួល” ។ ស៊ុមផ្កា ដែលធំជាងគេ ត្រូវតម្កល់ទុក ៣ ថ្ងៃ ទើបយកទៅប្រគេនព្រះសមណជីព្រាហ្មណ៍ព្រឹទ្ធាចារ្យ ដើម្បីសុំពរទាំង ៣ (គឺ អាយុ សុខ ពល) ។ ឯស៊ុមផ្កាកណ្ដាល និងពៅ ត្រូវកាត់ស្រាយក្នុងពេលនោះ ចែកញាតិសារលោហិតមិត្តសំឡាញ់បាចទៅលើស្វាមីគូភរិយាថ្មី ឲ្យសព្ទសាធុការពរ តាមបែបនិយមទៅ ។
ទំនៀមនេះ ក៏តជាប់រៀងរហូតមកដល់យើងឥឡូវ ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)