ការដោះស្រាយផលប៉ះពាល់ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ សម្រេចបាន៩៨,៥% និងផ្លូវជាតិលេខ២២ សម្រេចបាន១០០% ហើយ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹក ជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការពិនិត្យ និងតាមដានអំពីដំណើរការដោះស្រាយផលប៉ះពាល់ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញអង្គភាព និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងតាមដានអំពីដំណើរការនៃការងារដោះស្រាយផលប៉ះពាល់ ការរុះរើហេដ្ឋារចនាសម្ព័ន្ធនានាទាំងលើដីនិងក្រោមដី ក្នុងនោះរួមមាន៖ បណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែ កាប្លិ៍អុបទិកជាដើម ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ ព្រមទាំងបានពិភាក្សាស្វែងរកយន្តការដោះស្រាយចំណុចដែលសេសសល់ សំដៅឱ្យការសាងសង់មានសន្ទុះទៅមុខកាន់តែលឿនថែមទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំនាពេលនោះ លោករដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងថា៖ ផលប៉ះពាល់ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២២ ត្រូវបានដោះស្រាយបាន១០០% និងចំណែកផលប៉ះពាល់ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ ត្រូវបានដោះស្រាយបាន៩៨,៥%។

លើសពីនេះទៀត លោករដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា៖ ក្រុមកាងារពាក់ព័ន្ធទាំងអស់បាន និងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនឯកជន សហគ្រាស និងអាជីវករនានាដែលប្រកបរបរលើបណ្ដាញទឹកស្អាត បង្គោលអគ្គិសនី ខ្សែកាបិ៍្ល អុបទិក ជាដើម ដើម្បីរុះរើ និងប្ដូរទៅទីតាំងថ្មី ក្នុងគោលបំណងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនសាងសង់អនុវត្តគម្រោងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពបំផុត និងអាចបញ្ចប់គម្រោងតាមការគ្រោងទុក។

ជាមួយគ្នានេះផងដែរ លោករដ្ឋលេខាធិការប្រចាំការបានណែនាំឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំប្រឡាយបង្ហូរទឹកនៅសងខាងផ្លូវដែលកំពុងសាងសង់ឱ្យបានត្រឹមត្រូវ និងសមស្របតាមគម្រោង ដើម្បីជៀសវាងការជន់លិចលង់ភូមិ និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថា រដូវភ្លៀងបានមកដល់ហើយ ហើយ ភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃនៅតាមតំបន់មួយចំនួនផងដែរ។

លោករដ្ឋលេខាធិការប្រចាំការបានស្នើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ព្រមទាំងអនុគណៈកម្មការទាំងពីរ គឺអនុគណៈកម្មការខេត្តតាកែវ និងខេត្តកណ្ដាល សហការជាមួយភាគីពាក់ព័ន្ធចុះពិនិត្យទីតាំងរងផលប៉ះពាល់នៅតាមបណ្ដោយផ្លូវជាតិទាំងពីរ ដែលពិបាកក្នុងការដោះស្រាយដើម្បីស្វែងរកយន្តការ ដោះស្រាយឱ្យបានលឿនបំផុត សំដៅជៀសវាងការរាំងស្ទះក្នុងការសាងសង់។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអាជីវករដែលកំពុងប្រកបរបរនៅតាមបណ្ដោយផ្លូវជាតិទាំងពីរ ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសំណងលើផលប៉ះពាល់រួចហើយ សូមអនុវត្តតាមកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាព បំផុតដើម្បីកុំឱ្យមានការរាំងស្ទះដល់ការសាងសង់ ក៏ដូចជាការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print