ក្រុមហ៊ុន​រដ្ឋ​ចិន​ ប្រកាស​លើ​បណ្តាញ​សង្គម Weibo ថា ខ្លួន យល់ព្រម​សាកល្បង​វ៉ាក់សាំង​កូ​រ៉ូ​ណាវី​រុស ក្នុងដំណាក់កាល​៣ នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម

ចែករំលែក៖

អន្តរជាតិ៖ នា​ថ្ងៃទី​២៣ ខែមិថុនាម្សិលមិញនេះ ក្រុមហ៊ុន​រដ្ឋ​ចិន​China National Biotec Group (CNBG) បានប្រកាស​នៅលើ​បណ្តាញ​សង្គម Weibo ថា ខ្លួនបានទទួល​ការយល់ព្រម​លើ​ការសាកល្បង​វ៉ាក់សាំង​កូ​រ៉ូ​ណាវី​រុស ក្នុងដំណាក់កាល​៣ នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដោយ​ក្រសួងសុខាភិបាល និង​បង្ការ​ជំងឺឆ្លង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ ប៉ុន្តែក្រុមហ៊ុន​នេះ មិនបាន​បញ្ជាក់​ពី​ឈ្មោះ​វ៉ាក់សាំង ដែល​ត្រូវ​ធ្វើតេស្ត​ឡើយ​។​

​គួរបញ្ជាក់ថា កន្លងមក​ក្រុមហ៊ុន CNBG ដែលជា​សាខា​មួយ​របស់​ក្រុមហ៊ុន​រដ្ឋ China National Pharmaceutical Group (Sinopharm) ក៏បាន​អភិវឌ្ឍ​វ៉ាក់សាំង​ចំនួន​ពីរ​ប្រភេទ​ផ្សេងទៀត​ផងដែរ ហើយ​វ៉ាក់សាំង​ទាំងនោះ ត្រូវបាន​សាកល្បង​លើ​មនុស្ស​ចំនួន ២០០០​នាក់​នៅ​ចិន​។

​ក្រៅពី​ក្រុមហ៊ុន​CNBG ក៏​នៅមាន​ក្រុមហ៊ុន​ចិន​ផ្សេងទៀត ស្វែងរក​ប្រទេស​ដទៃ ដើម្បី​ធ្វើតេស្ត​វ៉ាក់សាំង COVID-19 ផងដែរ​។ តួយ៉ាង​ដូចជា ក្រុមហ៊ុន Clover Biopharmaceuticals ដែល​បានផ្តល់​វ៉ាក់សាំង​មួយចំនួន ដើម្បី​ធ្វើតេស្ត​លើ អ្នកចូលរួម​នៅ​អូស្ត្រាលី និង​ក្រុមហ៊ុនSinovac Biotech ដែល​ត្រូវគេ​រំពឹងថា​ចាប់ផ្តើម​ធ្វើតេស្ត​ដំណាក់កាល​៣ នៅ​ប្រេ​ស៊ី​ល ដែលមាន​អ្នក​ស្ម​គ្រ័​ចិត្ត​រហូតដល់ ៩០០០​នាក់​។

​សូមជម្រាបថា ប្រទេសចិន គឺជា​ប្រទេសដែល​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ដំបូង​គេ​បំផុត ប៉ុន្តែ​ប្រទេស​នេះ ក៏បាន​ព្យាបាល​អ្នកជំងឺ​COVID-19 ស្ទើរតែ​ជាសះស្បើយ​ទាំងអស់​ផងដែរ​។ ដោយសារតែ​បញ្ហា​ខ្វះ​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស ដើម្បី​ធ្វើតេស្ត​លើ​វ៉ាក់សាំង ចិន បាន​ស្វែងរក​អ្នកជំងឺ​នៅក្នុង​ប្រទេស​ផ្សេងទៀត​ផងដែរ ។

បច្ចុប្បន្នការធ្វើ​តេស្ត​វ៉ាក់សាំង COVID-19 ត្រូវបាន​គេ​ធ្វើឡើង​នៅក្នុង​ប្រទេស​ជាច្រើន ដូចជា៖ អាមេរិក អូស្ត្រាលី អាល្លឺម៉ង់​ជាដើម​។ ប៉ុន្តែគ្មាន​ប្រទេស​ណាមួយ ទទួលបាន​ជោគជ័យ​លើ​ការសាកល្បង​វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណា​វីរុស​ក្នុងដំណាក់កាល​៣​នៅឡើយ​ទេ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print