ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានស្លាប់ដោយ សារឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅក្រោមផ្ទះរបស់ខ្លួន ដែលការស្លាប់នេះទំនងខឹង នឹងចោរចូលលួចយកទ្រព្យគាត់ញឹកញាប់ពេកទេីបរាយខ្សែភ្លេីងព័ទ្ធជុំវិញផ្ទះ ដេីម្បីការងាររក្សាទ្រព្យសម្បត្តិ តែភ្លេចគិតពេលចុះមកនោមធ្វេីអោយប៉ះខ្សែដែលមានចរន្ត ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោងប្រមាណ៤ និង៣០នាទី ស្ថិត នៅ ចំណុចភូមិជ្រោយចង្ហា ឃុំមង់ រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះ ឈ្មោះតន់ ជា អាយុ៧៣ឆ្នាំជាតិខ្មែររស់នៅភូមិកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បន្ទាប់ពីផ្អេីលមានករណីខាងលេីនេះ កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ និងមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវកន្លែងកើតហេតុ និងសពសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ព្រោះមូល ហេតុយកខ្សែភ្លើងតចរន្ធអគ្គិសនីរាយនៅក្រោមផ្ទះដោយខ្លួនឯងដើម្បីការពារ ភ្លាត់ភ្លេចខ្លួនចុះងើបពីដេកចុះដើរមកក្រោមផ្ទះក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចបញ្ជាក់ថា នៅកន្លែងកេីតហេតុ រកឃេីញ សរសៃលួសខ្សែរភ្លើង ពណ៍ទង់ដែង ព័ទ្ធជុំវិញជើងសសរផ្ទះចំហៀងខាងត្បូង ដែលជនរងគ្រោះដាក់រាយដេីម្បីការពាររក្សាទ្រព្យសម្បត្តិរបស់គាត់ខ្លាចចោរលួច ។
ក្រោយធ្វើកំណត់ហេតុចប់ សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ វណ្ណៈ