ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ក្រោយនាំខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី ។
ជនសង្ស័យមានឈ្មោះ ឈឹម ពីរ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ចំណែកយុវតីរងគ្រោះឈ្មោះឌ ហ.គ អាយុ១៤ឆ្នាំ មុខរបរលក់ដូរ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈដែលយុវតីរងគ្រោះ កំពុងដេកលេងនៅក្នុងបន្ទប់តែម្នាក់ឯង ក៏ស្រាប់តែលេចមុខជនសង្ស័យបានដើរចូលមកដល់ក្នុងបន្ទប់របស់ជនរងគ្រោះហើយស្ទុះទៅចាប់ច្របាច់.ក នាងជាប់បម្រុងរំលោភសេពសន្ថវៈ ។ តែត្រូវយុវតីរងគ្រោះប្រឹងរើបម្រាស់រួច និងស្រែកឆោឡោផ្អើលដល់អ្នកភូមិ ធ្វើឱ្យជនសង្ស័យភ័យស្ទុះរត់គេចទៅសម្ងំលាក់ខ្លួននៅក្បែរផ្ទះប្រជាពលរដ្ឋ បន្ទាប់មក ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅជួយអន្តរាគមន៍ចាប់ក្របួចជាប់ រួចនាំយកមកចាត់ការតាមច្បាប់ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមានសារធាតុញៀនក្នុងទឹកនោម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ៕ដោយ៖ស តារា