ភ្នំពេញ៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យក្រុមការងាររាជរដ្ឋាភិបាលនៅគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយជួយឧបត្ថម្ភគាត់ទៅតាមលទ្ធភាពរៀងៗខ្លួន។
លោករដ្ឋលេខាធិការថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រចំនួន១៦៨គ្រួសារ នៅក្នុងសង្កាត់មនោរម្យ សង្កាត់មិត្តភាព និងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា ក្នុងកាលៈទេសៈដែលប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈម និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដ៏កាចសាហាវ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងវិទ្យាល័យបាក់ទូក និងមានការចូលរួមពីលោក លីម សុភាអភិបាលខណ្ឌ៧មករា និងមន្រ្តីថ្នាក់ខណ្ឌជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសចុះចែកអំណោយជូនប្រជាពលរដ្ឋនេះលោកងី តាយី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ឡើយ បើទោះបីបច្ចុប្បន្ននេះប្រទេសកម្ពុជារបស់យើងមានភាពល្អប្រសើរក្ដី គឺយើត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យញឹកញាប់ ត្រូវលាងសម្អាតដៃជាប្រចាំ ជាមួយសាប៊ូ អាល់កុល ចេញក្រៅត្រូវពាក់ម៉ាស់ រក្សាគម្លាត ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ ពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ-១៩ ជូនប្រជាពលរដ្ឋជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកបានណែនាំដល់អាជ្ញាធរសង្កាត់ និងប៉ុស្តិ៍នគរបាល ត្រូវរក្សាសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ លុបបំបាត់ឱ្យបាននូវចោរលួច ចោរឆក់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ដោយអនុវត្តតាមគោលនយោបាយទាំង៩ចំណុចរបស់ ភូមិ ឃុំ មានសុវត្ថិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍។
នាឱកាសនេះដែរ លោកលីម សុភា អភិបាលខណ្ឌ៧មករា បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើម សម្តេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចាត់ទុកទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល និងរបស់សម្តេចផ្ទាល់។ ផ្តើមចេញពីទស្សនៈខាងលើនេះសម្តេចតែងតែបានអប់រំមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវបណ្តោយឲ្យពលរដ្ឋណាម្នាក់អត់ឃ្លានរហូតដល់ស្លាប់ ដោយអាជ្ញាធរមូលដ្ឋានមិនបានដឹង និងមិនបានដោះស្រាយនោះទេ។
អំណោយដែលប្រជាពលរដ្ឋទាំង១៦៨គ្រួសារទទួលបានក្នុង១គ្រួសារគឺមានគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា២ម៉ឺនរៀល៕
ដោយ៖ ជ្រោយចង្វារ