ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ។ កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នេះ ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ–១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច–សង្គមក្រោយជំងឺកូវីដ–១៩។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងផងដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនទៀត រួមមាន៖សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។
កិច្ចប្រជុំក៏នឹងពិភាក្សាលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។
ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រីចូលរួមក្នុងកិច្ចប្រជុំ រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
គួរបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ ដំបូងឡើយមានប្រទេសចំនួន៥ គឺប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះលើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោងពីនឹមអាណានិគមក្នុងសម័យនោះ។
គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឱ្យប្រទេសទាំងប្រាំរួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួមជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃប្រាំទៀតបានចូលជាសមាជិក។ ប្រទេសទាំង៥នោះរួមមាន៖ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា (៣០មេសា ១៩៩៩)។
កិច្ចប្រជុំកំពូលអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ និងចាំបាច់មួយនៅក្នុងតំបន់។ កិច្ចប្រជុំនេះតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសដែលទទួលភារកិច្ចជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ មេដឹកនាំប្រទេសជាសមាជិកតែងជួបជុំគ្នាក្នុងព្រឹត្តិការណ៍នេះតែសម្រាប់ឆ្នាំ២០២០នេះ ព្រោះតែជំងឺកូវីដ១៩ មេដឹកនាំទាំងអស់ត្រូវជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូជំនួសវិញ។
សូមបញ្ជាក់ដែរថា នៅមុនពេលឈានដល់កិច្ចប្រជុំកំពូលអាស៊ាននេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ–សន្ដិសុខលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូផងដែរ។
ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សម្គាល់ចំពោះការកើនឡើងនូវចំណាប់អារម្មណ៍កាន់តែខ្លាំង ពីដៃគូខាងក្រៅ ក្នុងការភ្ជាប់ទំនាក់ទំនងឡើងជាមួយអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទាក់ទងទៅនឹងបញ្ហាតំបន់ និងអន្ដរជាតិ ដូចជាស្ថានការណ៍នៅឧបទ្វីបកូរ៉េ រដ្ឋរ៉ាខាញ និងការវិវឌ្ឍនៅសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកទស្សនៈលើសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ាន ក្នុងការវិវឌ្ឍនិម្មាបនកម្មក្នុងតំបន់ ពង្រឹងសន្ដិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសការពន្លឿនការងារ ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធក្នុងអាស៊ាន ដែលឆ្លើយតបជាមួយស្ថានភាពងើបឡើងវិញពីជំងឺកូវីដ–១៩។
ដោយឡែកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងចែករំលែកទស្សនៈផងដែរ។ លោក ប្រាក់ សុខុន បានលើកឡើងថា ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម–សេដ្ឋកិច្ចអាស៊ានហើយនោះ អាស៊ានក៏កំពុងទទួលរងនូវភាពលំបាកលើភូមិសាស្រ្ដនយោបាយបណ្ដាលមកពីការប្រកួតប្រជែងយុទ្ធសាស្រ្ដកាន់តែខ្លាំងឡើងរបស់ប្រទេសមហាអំណាច។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិកអាស៊ាន គឺមិនមានចំណាប់អារម្មណ៍ក្នុងការជ្រើសរើសភាគីមហាអំណាចណាមួយ ហើយបន្ដគាំទ្រលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ។
ចំពោះស្ថានភាពរដ្ឋរ៉ាខាញវិញ កម្ពុជា បានលើកទឹកចិត្ដចំពោះការបន្ដកិច្ចសន្ទនារបស់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការរៀបចំដំណើរមាតុភូមិនិវត្ដន៍ ប្រកបដោយ សុវត្ដិភាព សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរ។
ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ កម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃតួនាទីរបស់អាស៊ាន ជាពិសេសតាមរយៈយន្តការវេទិកាតំបន់អាស៊ាននិងវិធានការកសាងទំនុកចិត្តផ្សេងៗ ក្នុងការជំរុញឱ្យមានការវិវត្តជាវិជ្ជមាននៅឧបទ្វីបកូរ៉េ។ កម្ពុជា បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមថ្មីៗរួមគ្នារវាងប្រទេសរុស្ស៊ី អាមេរិក ចិន និងជប៉ុនក្នុងការបង្កើតផែនការសកម្មភាព។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋ ដែលមិនទាមទារអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថា ភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាសអំណោយផលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង។
សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ–នយោបាយអាស៊ាន (APSC) លើកទី២១វិញ កិច្ចប្រជុំបានកត់សំគាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលម្អិតនៃសហគមន៍សន្តិសុខ–នយោបាយអាស៊ានដែលសកម្មភាពចំនួន ៩៦% នៃផែនការសកម្មភាពខាងលើត្រូវបានអនុវត្ត។ កិច្ចប្រជុំទន្ទឹងរង់ចាំការបញ្ចប់របាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលរួមទាំងផែនការលម្អិតនៃសហគមន៍នយោបាយ–សន្តិសុខអាស៊ាន ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់ និងពិភពលោក ការផ្តល់ជំនួយផ្នែកវេជ្ជសាស្ដ្រ និងនីតិសម្បទា ដល់ជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការសម្របសម្រួលដល់ប្រទេសសមាជិកអាស៊ាន ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹងអំពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងនោះ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៧–២០១៩ កម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលបានផ្តល់វិភាគទានចំនួន ៦៧៥ ០០០ ដុល្លារអាមេរិក ដើម្បីធានានិរន្តរភាពនៃដំណើរការរបស់មជ្ឈមណ្ឌល និងជំរុញឱ្យមានការចូលរួមចំណែកឱ្យបានគ្រប់គ្រាន់របស់អាស៊ានដើម្បីធានានិរន្តរភាពនៃដំណើរការមជ្ឈមណ្ឌល។
សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ (ACC) បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា និងអនុម័តលើលក្ខខណ្ឌប្រតិបត្តិនៃមូលនិធិអាស៊ានឆ្លើយតបជំងឺកូវីដ១៩ ព្រមទាំងបានឯកភាពលើភាពចាំបាច់ក្នុងការជំរុញឱ្យមានកិច្ចប្រឹងប្រែងគ្រប់ជ្រុងជ្រោយរបស់អាស៊ានដើម្បីស្តារឡើងវិញពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩៕ដោយ៖ស តារា