ភ្នំពេញ: អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្តខ្លីចំនួនបីរឿងស្ដីពីការអប់រំ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីរួមគ្នាកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ខណៈឆ្នាំ២០២០នេះ កម្ពុជាបានប្រកាសអាសន្នចំពោះកំណើននៃអ្នកស្លាប់ដែលមានការកើនឡើងខ្ពស់។
លោក ឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងបញ្ជាក់ថា ការផលិតខ្សែភាពយន្តអប់រំខ្លីចំនួនបីរឿងនេះ គឺធ្វើឡើងស្របពេលជាមួយយុទ្ធនាការរបស់រាជរដ្ឋាភិបាលដែលដាក់អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយការផលិតខ្សែភាពយន្តខ្លីនេះ គឺបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ ដែលនេះគឺជាសិល្បៈមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កម្មវិធីក្រុងពាលី រឿងអប់រំខ្លីដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី ២៥ មិថុនា ឆ្នាំ២០២០ នៅសមាគមសហភាពយន្តនៃកម្ពុជា លោកឧត្តមសេនិីយ៍ឡុង ធូបានបង្ហាញការរំពឹងទុកថា បន្ទាប់ពីសហការជាមួយសមាគមសហភាពយន្តនៃកម្ពុជា ផលិតខ្សែភាពយន្តខ្លីចំនួនបីរឿងនេះ ប្រជាពលរដ្ឋប្រាកដជាទទួលការយល់ដឹងច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានប្រើប្រាស់ផ្លូវធ្វើដំណើរឲ្យបានត្រឹមត្រូវជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ។
លោកស្រី មឿន ស៊ាងសេង ក្រុមប្រឹក្សាភិបាលសមាគមសហភាពយន្តនៃកម្ពុជាបានមានប្រសាសន៍ថា ការផលិតរឿងខ្លីអប់រំដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម ស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្របពេលនឹងយុទ្ធនាការរបស់រាជរដ្ឋាភិបាលដែលបានដាក់អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការថែរក្សាឲ្យបាននូវទ្រព្យសម្បត្តិ និង សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។
លោកស្រី បានបញ្ជាក់ថា ខ្សែភាពយន្តខ្លីចំនួនបីរឿងដែលត្រូវថតរួមមាន៖ ១-រឿងព្រោះតែអូន, ២-រឿងមហាវិថីគ្រោះថ្នាក់ និងទី៣-រឿងវិប្បដិសារីឪពុកខ្ញុំ។
សូមបញ្ជាក់ថា ចាប់តាំងពីការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ ខែឧសភា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ គឺមានរយៈពេល ៥៦ថ្ងៃ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤១៤លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២២៤នាក់ និងរបួសជាង ៧០០នាក់ ក្នុងនោះរបួសធ្ងន់មានចំនួនជាង ៤០០នាក់។ ចំណែកយានយន្តដែលត្រួតពិនិត្យនិងផាកពិន័យមានចំនួនជាង ៧ម៉ឺន៦ពាន់គ្រឿង ដោយក្នុងនោះម៉ូតូមានចំនួនជាង ៥ម៉ឺន៦ពាន់គ្រឿង និងរថយន្តមានចំនួនជាង២ម៉ឺនគ្រឿង៕