អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោកAnurag Srivastava នៅថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះ បានចោទប្រកាន់ប្រទេសចិនថា ចិនបានពង្រាយកងទ័ព និងអាវុធជាច្រើននៅតាមបណ្តោយព្រំដែន ដែលនេះគឺជាសកម្មភាពបំពានកិច្ចព្រមព្រៀងទ្វេភាគីលើបញ្ហាព្រំដែន ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌារូបនេះ បានលើកឡើងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងញូវដេលីថា៖ «ចំណុចសំខាន់នៃបញ្ហា គឺថាតាំងពីដើមខែឧសភាកន្លងមក ភាគីចិន បានពង្រាយកងទ័ព និងសម្ភារយោធាជាច្រើននៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនគ្រប់គ្រងជាក់ស្តែង (LAC)»។ ក្នុងន័យនេះ លោកSrivastava ចង់សំដៅថា ចិនមិនបានគោរពតាមខលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងទីក្រុងញូវដេលី និងទីក្រុងប៉េកាំងឡើយ ជាពិសេសគឺកិច្ចព្រមព្រៀងឆ្នាំ១៩៩៣ ដែលតម្រូវឲ្យភាគីទាំងសងខាងពង្រាយកងទ័ពនៅតាមព្រំដែនក្នុងចំនួនមានកម្រិត។
សូមជម្រាបថា កិច្ចព្រមព្រៀងឆ្នាំ១៩៩៣ គឺជាកិច្ចព្រមព្រៀងរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់លើខ្សែបន្ទាត់រួម ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉ាស៊ីមហា រ៉ាវ និងសមភាគីចិន លី ផឹង ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉ាស៊ីមហា រ៉ាវ ទៅកាន់ទឹកដីចិននៅក្នុងឆ្នាំ១៩៩៣។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និឹងឥណ្ឌាតាមបណ្តាយព្រំដែន បានកើនឡើងតាំងពីខែឧសភាមកម៉្លេះខណៈដែលភាគីទាំងពីរបានប៉ះទង្គិចគ្នា តាមរយៈការប្រវាយប្រតប់ និងគប់ដុំថ្មដាក់គ្នា ប៉ុន្តែវាបង្កតែរបួសប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ ខែមិថុនា ភាពតានតឹងរបស់ភាគីទាំងពីរ បានបង្កឲ្យមានទាហានស្លាប់រៀងខ្លួន ។ បញ្ហា ដែលអាចបង្កឲ្យភាគីទាំងពីរមានភាពតានតឹងបែបនេះ គឺដោយសារតែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ នៅលើតំបន់ប្របមាត់ទន្លេ Galwan។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ ឥណ្ឌា បានបន្ថែមកងទ័ព ដោយរួមមានកងកាំភ្លើងធំ និងរថយន្តដឹកទាហាន ទៅកាន់តំបន់ព្រំដែនដែលទើបប៉ះទង្គិចជាមួយចិន ។
ចំណែកភាគីចិនវិញ បានបន្ថែមជំរំយោធា និងសាងសង់លេណដ្ឋាន និងសំណង់ផ្សេងទៀតជាដើម នៅតំបន់ជម្លោះនោះផងដែរ ៕ដោយ៖ ស តារា