ទីក្រុងវ៉ាស៊ីនតោនប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី ២៧ ខែមិថុនានេះបានអះអាងថាមន្ត្រីបក្សកុម្មុយនីស្តចិនឡាយណាដែលមានការទាក់ទងទៅនឹងច្បាប់សន្តិសុខជាតិហុងកុងត្រូវបានរិទត្បិតទិដ្ធាការពីសំណាក់អាមេរិកគឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីចិនពាក់ព័ន្ធនឹងសន្តិសុខជាតិហុងកុង។
ប្រសិនគ្មានការប្រែប្រួលទេទេ គណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២៨ ខែមិថុនា នេះ ដើម្បីជជែក និងអនុម័តច្បាប់សន្តិសុខជាតិហុងកុង។ ទាក់ទិននឹងបញ្ហានេះ អាមេរិកបានចេញមុខ មកដាក់សម្ពាធលើរដ្ឋាភិបាលចិនជាបន្តបន្ទាប់។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំកំពុងប្រកាសពីការរឹតត្បិតទិដ្ឋាការលើមន្ត្រីបក្សុកុម្មុយនិស្តចិន (CCP) និងអតីតមន្ត្រីបក្ស ដែលត្រូវបានគេជឿថាមានការទទួលខុសត្រូវ ឬពាក់ព័ន្ធ និងដកហូតស្វ័យភាពកម្រិតខ្ពស់របស់ហុងកុង»។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ មិនបានកំណត់ពីមន្ត្រីបក្សកុម្មុយនិស្តចិនណាមួយជាក់លាក់ឡើយ។
ជាមួយគ្នានេះ លោកប៉ុមប៉េអូ បានលើកឡើងទៀតថា កន្លងមកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ធ្លាប់បានសន្យាថា លោកនឹងចាត់វិធានការលើបក្សកុម្មុយនិស្តចិន ហើយពេលនេះ អាមេរិកបានធ្វើសកម្មភាពទាំងនេះហើយ។ សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា បក្សកុម្មុយនិស្តចិន បានខិតខំយ៉ាងខ្លាំង ដើម្បីកាត់បន្ថយស្វយ័តភាពហុងកុង តាមរយៈច្បាប់សន្តិសុខជាតិ និងដាក់សម្ពាធលើអាជ្ញាធរក្រុងហុងកុង ឲ្យចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់បេក្ខជនប្រជាធិបតេយ្យមួយចំនួន។
យ៉ាងណាក៏ដោយ អាមេរិក នឹងពិចារណាដកការរឹតត្បិតទិដ្ឋាការនេះវិញ ប្រសិនបើបក្សកុម្មុយនិស្តចិន មិនអនុម័តច្បាប់សន្តិសុខជាតិ និងស្តារស្វ័យភាពកម្រិតខ្ពស់របស់ហុងកុងឡើងវិញ។
សូមបញ្ជាក់ថា ការប្រកាសរបស់អាមេរិកជុំវិញការរឹតត្បិតនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីចិន ដែលមានពាក់ព័ន្ធនឹងការធ្វើច្បាប់សន្តិសុខជាតិហុងកុង៕