ខេត្តបាត់ដំបង៖ ប្រាសាទភ្នំបាណន់ស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបណ្ដោយដងស្ទឹងសង្កែ មានចម្ងាយ២២គ.ម ខាងត្បូងទីរួមខេត្តបាត់ដំបង។ បាណន់ជាប្រាសាទភ្នំ ដែលស្ថិតនៅលើកំពូលភ្នំធម្មជាតិមានកម្ពស់៨១ម៉ែត្រ។
ប្រាសាទនេះមានក្បាច់រចនាលាយចំរុះគ្នាជាច្រើនរចនាបថ គឺពីសតវត្សទី៩ រហូតដល់ចុងសតវត្សទី១៣នៃគ.ស។ ក្បាច់រចនាឃើញមានច្រើនជាងគេគឺរចនាបថបាយ័ននៅសតវត្សទី១៣ ស្ថិតក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧។
ភ្នំបាណន់សព្វថ្ងៃនៅសល់តួសំខាន់កណ្ដាល ក្លោងទ្វារប្រចាំទិសទាំង៤ មួយផ្នែកតូចនៃកំពែងខាងកើត និងនៅសល់ផ្នែកខ្លះនៃប្រាសាទជ្រុងនៃទិស ពាយ័ព្យ។ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកត្តាមនុស្ស ប្រាសាទភ្នំបាណន់បានរងការខូចខាត ជាច្រើន ជាពិសេសនៅក្នុងសម័យសង្គ្រាម។
បច្ចុប្បន្ននៅជិតប្រាសាទកំពូលប្រាំខ្ពស់ត្រដែតលាក់ខ្លួនលើកំពូលភ្នំធម្មជាតិនេះ មានក្រុមហ៊ុនក្នុងស្រុកមួយ បានរៀបចំជារមណីយដ្ឋានកម្សាន្ត តាមជើងភ្នំ ដោយជិះរថភ្លើងកែច្នៃ ទស្សនាព្រៃភ្នំ ដ៏ខៀវស្រង៉ាត់ និងការតុបតែងជាផ្ទះបុរាណ ជនជាតិ ដោយការទាក់ទាញបំផុត៕
ដោយ៖ សិលា