ភ្នំពេញ៖ យុវជនម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយជិះម៉ូតូទៅបុកដើមឈើបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមិថុនាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានន័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះវ៉ាន់ វ៉ាន់ឆៃ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ចំណែកអ្នករងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-3617 តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដលចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកដើមឈើពេញទំហឹងធ្វើឱ្យដួលម៉ូតូបណ្តាលឲ្យបុរសម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌមានជ័យបណ្ដោះអាសន្ន រង់ចាំប្រគល់ជូនសាច់ញាតិវិញ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ