ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាក្នុងទំនាស់ពាក្យសម្តីនៅកន្លែងការងារ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះអ៊ុំ ដារ៉ូ អាយុ២១ឆ្នាំ មុខរបរកម្មករោងចក្រ មានទីលំនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះ នង ឡេង អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ប្រភពបន្តថា សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបាវិតបានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះនង ឡេងដែលបានរៀបរាប់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧និង៣៤នាទីយប់មានជនសង្ស័យម្នាក់បានយកដែកបំពង់ទីបមកវាយលើខ្លួន(ជនរងគ្រោះ)នៅខាងមុខរោងចក្រសានហ្វេង០២ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីទទួលពាក្យបណ្តឹងមកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញជនសង្ស័យបង្កហេតុនាំយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនធ្វេីសកម្មភាពយកដែកបំពង់ទីបវ៉ៃទៅលេីជនរងគ្រោះត្រូវចំក្បាលបណ្ដាលឱ្យបែកហូរឈាមពិតប្រាកដមែនដោយសារមូលហេតុមានទំនាស់ពាក្យសម្តីគ្នាក្នុងពេលធ្វេីការ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដេីម្បីកសាងសំណុំ រឿងចាត់ការតាមច្បាប់៕
ដោយ៖ យឹម សុថាន