ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះសហការរួមមាន កម្លាំងស្នាក់ការអាវុធហត្ថលើផ្ទៃប្រទេស,កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត,មន្ត្រីឧទ្យានុរក្សឧទ្យានជាតិអូរយ៉ាដាវ,កម្លាំងវរការពារព្រំដែនលេខ៦២៣,កម្លាំងនគរបាលស្រុកអូរយ៉ាដាវនិងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវចុះបង្ក្ត្រាបចាប់ឈើចម្រុះចំនួន៣០កំណាត់ប្រគល់ឱ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង៦.១៥នាទីព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ត្រង់ចំណុចក្បែរប៉ុស្តិ៍ច្រករបៀងភូមិឡុំស្ថិតក្នុងឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រីនូវ ដារ៉ាស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថាប្រតិបត្តិការនេះមានការចង្អុលបង្ហាញពីឯកឧត្តមថង សាវុនអភិបាលខេត្តនិង លោកឧត្តមសេនីយ៍ទោ យិនចំណានស្នងការនគរបាលខេត្ត ដោយការសម្របសម្រួលពីលោកងិន ពេជព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីផងដែរ។
លោកបន្តថាមធ្យោបាយដឹកជញ្ជូនឈើមានម៉ូតូហើយត្រូវបានពួកគេជិះគេចខ្លួនអស់ទៅហើយមុនពាលកម្លាំងទៅដល់ដោយបន្សល់ទុកវត្ថុតាងម៉ូតូ១គ្រឿងតែប៉ុណ្ណោះនិងឈើមួយចំនួន។
ឈើខាងលើដែលត្រូវរឹបអូដនោះមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ។
ហើយរឹបអូសបានវត្ថុតាងឈើចម្រុះ៣០កំណាត់និងម៉ូតូ១គ្រឿងនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវនិងធ្វើការស្រាវជ្រាវស្វែងរកម្ចាស់ឱ្យវូលខ្លួនមកធ្វើការពិន័យតាមច្បាប់ព្រៃឈើបន្ត។
តាមប្រភពបង្ហើបថាថៅកែឈើនោះមានទីលំនៅក្រុងបានលុងហើយបានជួលម៉ូតូខាងលើពីភូមិញ៉ាងស្រុកអណ្តូងមាសមកស៊ីឈ្នួលដឹកឈើចេញពីភូមិសាស្ត្រភូមិសំ,ភូមិបាដលក្បែរឧទ្យានអូរយ៉ាដាវឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងប៉ុស្តិ៍ភូមិឡុំនិងប៉ុស្តិ៍ភ្នំក្រហមស្ថិតក្នុងឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគិរី៕
ដោយ ជីវ័ន្ត