ភ្នំពេញ៖ ប្រធានក្លិបបាល់ទាត់វិសាខាលោកស្រី កែ សួនសុភី ដែលត្រូវជាភរិយាលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានសេសេរលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានឈ្មោះថា«Sophy Ke»ថា លោកស្រី «យើងនឹងស្វែងរកអ្នកបុកហើយរត់!» ខណៈដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យកីឡាករឈ្មោះ ទៀត គឹមហេង រងរបួសធ្ងន់ និងយុវតីម្នាក់ស្លាប់ កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។
ការសរសេរសារព្រមានរបស់លោកស្រី កែ សួនសុភី បានធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្រោយមានជនបង្កបានបើករថយន្តបុកកីឡាកររបស់ខ្លួន ទៀត គឹមហេង និងយុវតីម្នាក់ ហើយរត់មិនទទួលខុសត្រូវ។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តខាងលើនេះ បានបណ្តាលឲ្យកីឡាករ ទៀត គឹមហេង រងរបួសក្បាលធ្ងន់ធ្ងរដែលទាមទារវះកាត់ជាចាំបាច់ និងយុវតីម្នាក់ដែលគេអះអាងជាមិត្តស្រីរបស់ខ្សែបម្រើរូបនេះស្លាប់នៅនឹងកន្លែងកើតហេតុ។ ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងតាមបណ្តោយផ្លូវលេខ៣១០កែងនឹងផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ស្វែងរកអត្តសញ្ញាណរថយន្ត និងជនបង្កនៅឡើយទេ។ ចំណែកកីឡាករ ទៀត គឹមហេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ស តារា