ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាឆក់៣នាក់ត្រូវកម្លាំងជំនាញខណ្ឌសែនសុខធ្វើការស្រាវជ្រាវហើយបានទៅឃាត់ខ្លួនដល់ផ្ទះក្រោយធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេចនិងគេចខ្លួនបានមួយយប់។
ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរឆក់នេះគឺបានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅស្របផ្លូវរថភ្លើងក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ SAHASHI AKIMASA អាយុ៣៧ឆ្នាំ ជនជាតិ
ជប៉ុន មុខរបរគ្រូបង្រៀន ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ចំណែកជនសង្ស័យទី១-ឈ្មោះ ថង សុវណ្ណ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះសុខ ចន្ត្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ និង ទី៣-ឈ្មោះ ដួង ចិន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង៣នាក់ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៨មិថុនា២០២០មានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង(ស្គូពីមួយគ្រឿងនិងម៉ាកនិចមួយគ្រឿង)មកធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះជាជនជាតិជប៉ុនខណៈកំពុងជិះឡំប្រឺតានៅចំណុចផ្លូវលេខ១៩២៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្រេចរួចហើយគេចខ្លួនដោយសុវត្ថិភាព។
សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌក៏បានចុះធ្វើការស្រាវជ្រាវភ្លាមៗហើយកំណត់បានមុខសញ្ញាខាងលើ រហូតដល់ព្រឹកថ្ងៃទី២៩ខែមិថុនាក៏ឈានទៅឃាត់ខ្លួនមុខសញ្ញាខាងលើដល់លំនៅឋានតែម្តង ព្រមទាំងដកហូតបានម៉ូតូ២គ្រឿងជាមធ្យោបាយល្មើសផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕
ដោយ៖ ចន្ទ លីហ្សា