ភ្នំពេញ៖ ដំណាក់កាលនៃការឆ្លងរីករាលដាលនៃកូវីដ១៩ រយៈពេល៦ខែកន្លងមកនេះ អ្នកសិល្បៈជាច្រើនបានបង្ហាញក្តីកង្វល់របស់ខ្លួនក្រោយពីបាត់បង់ទីផ្សារការងារ ស្របពេលដែលគម្រោងចេញថតការងារសិល្បៈជាច្រើនត្រូវបានពន្យាពេលនិងលប់ចោល។ ទោះជាយ៉ាងណាតារាសម្តែង និងពិធីករវ័យក្មេង លោក យក់ ឆេងហាក់ ត្រូវបានគេសង្កេតឃើញថាទីផ្សារការងារនៅតែបោះជំហានទៅមុខ។
កាលពីឆ្នាំ២០១៩ យក់ ឆេងហាក់ ក្តាប់បានឱកាសការងារជាតារាសម្តែង និងបង្ហាញម៉ូតមួយចំនួន ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនបានស្គាល់ ពិសេសការងារជាពិធីករក្នុងកម្មវិធីតូចធំជាច្រើន។ ចូលដល់ដើមឆ្នាំ២០២០ ដែលគេដឹងថាជំងឺកូវីដ-១៩ បានរីករាលដាលជាសកល និងធ្វើឲ្យការងារសិល្បៈជាច្រើនរបស់សិល្បករត្រូវបានផ្អាកមែន ក៏ តារារូបនេះនៅក្តាប់បានឱកាសការងារថ្មីៗជាបន្តបន្ទាប់។ ការងារលើការថតចាប់ពីដើមឆ្នាំ២០២០នេះមានជាច្រើនបន្តបន្ទាប់ទាំងឈុតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថែរក្សាសម្រស់ សម្លៀកបំពាក់ អាហារ ផ្សារទំនើប និងហាងកែសម្ផស្សជាដើម ។ អ្វីដែលគេចាប់អារម្មណ៍គឺក្រោយពីលោកទទួលបានតំណែងជាតួឯកក្នុងភាពយន្តជីវិតរបស់ផលិតកម្មសាស្ត្រា គឺរឿង”ស្មោះប៉ះមនុស្សក្បត់”។
តារាសម្តែងរូបនេះបញ្ជាក់ថា ឆ្នាំនេះទីផ្សារការងារសិល្បៈនៅមានលំនឹង បើទោះបីជាការងារមួយចំនួនត្រូវបានពន្យាពេល។ លោកក៏ចាត់ទុកថាជាជោគជ័យមួយក្នុងស្ថានភាពដ៏លំបាកនេះបើទោះបីជាមិនដូចអ្វីដែលលោករំពឹងទុកខ្លះក៏ដោយ។ លោកថានៅមានការងារសិល្បៈមួយចំនួនទៀតដែលលោកត្រៀមបង្ហាញជូនអ្នកគាំទ្រ ដែលលោករំពឹងថានឹងទទួលបានការគាំទ្រ និងពេញចិត្តពីទស្សនិកជន៕
ដោយ វឌ្ឍនា