ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត កម្លាំងការិយាល័យអនុវត្តដីកានៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកក្រគរ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ជាប់ពាក់ព័ន្ធករណីឆបោក ។
ករណីនគរបាលអនុវត្តដីកាខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចខ្លាកូន ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួននេះឈ្មោះ ធូ សេងង៉ាន់ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៦៤ ជនជាតិខ្មែរ មុខរបរមន្រ្តីនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា មានទីលំនៅកំណើត ភូមិតាបេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ការឃាត់ខ្លួនជនសង្ស័យនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៣២ ត.ដ.ច.ន ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ចេញដោយចៅក្រមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ។ ជនសង្ស័យ(ធូ សេងង៉ាន់)បានប្រគល់ជូនមន្រ្តីនគរបាលនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃហើយ នេះបើតាមការបញ្ជាក់ពីនគរបាលស្រុកក្រគរ ៕
ដោយ៖ បុឹម ពិន