សហភាពអឺរ៉ុប ប្រកាសថ្កោលទោសទាហានបរទេសស៊ីឈ្នួល ក្នុងការហ៊ុមព័ទ្ធតំបន់អណ្តូងប្រេងនៅលីប៊ី

ចែករំលែក៖

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញផ្សាយថា៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសលីប៊ី នៅថ្ងៃពុធនេះបានសម្រេចថ្កោលទោស ចំពោះវត្តមានទាហានបរទេសស៊ីឈ្នួល នៅលើទឹកដីប្រទេសលីប៊ី និងបានអំពាវនាវដល់ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលុបចោលសកម្មភាពហ៊ុមព័ន្ធអណ្តូងប្រេង

ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសលីប៊ីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «យើងសូមអំពាវនាវដល់តួអង្គទាំងអស់នៅក្នុងប្រទេសលីប៊ី ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលុបចោលសកម្មភាពហ៊ុមព័ទ្ធអណ្តូងប្រេង។ យើងសូមថ្កោលទោសពេញទំហឹងចំពោះវត្តមានរបស់ទាហានបរទេសស៊ីឈ្នួលនៅក្នុងប្រទេសមួយនេះ រួមទាំងតំបន់ប្រេង សាហារ៉ា (Sharara) ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតផងដែរ»

សហភាពអឺរ៉ុប បានសង្កត់ធ្ងន់ថា «វត្តមានរបស់ទាហានបរទេសស៊ីឈ្នួល បានបង្កគ្រោះថ្នាក់ដល់ភាពត្រឹមត្រូវ នៃការដំឡើងគ្រឿងបរិក្ខាក៏ដូចជាទីតាំងសម្រាប់ការផលិតកម្មប្រេងរបស់លីប៊ី ក្នុងរយៈពេលយូរអង្វែង»

បើយោងតាមក្រុមហ៊ុនផលិតប្រេងរបស់រដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ហៅកាត់ថា NOC បានឲ្យដឹងថា លីប៊ីបានខាតបង់ប្រាក់ប្រមាណ ៦ពាន់លានដុល្លាអាមេរិក បើរាប់ចាប់តាំងពីឧស្សាហកម្មផលិតប្រេងរបស់ខ្លួន ត្រូវបានផ្អាកកាលពីខែមករាកន្លងទៅនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print