មហាស៊យហើយលោកចោរ!! ឆក់កាបូបលុយមិនបានសម្រេចហេីយ​ ជិះគេចខ្លួនទៅជួបសមត្ថកិច្ចត្រូវជាប់ខ្នោះទាំង២នាក់

ចែករំលែក៖

​ ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ចាប់ឃាត់ខ្លួនបានជាប់ពាក់ព័ន្ធករណីឆក់យកកាបូបលុយពីស្ដ្រីម្នាក់មិនបានសម្រេច​ កាលពីវេលាម៉ោង១០ៈ០០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងមុខបុរីប៉េងហូត ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលបន្ទុកការងារព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ អេង ដារ៉ូ ហៅ តែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២-ឈ្មោះ ស៊ឹម សិរីបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ប៊ុន ចាន់សោភា ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ លោកអធិការរងបានបន្ដថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១០ៈ០០នាទីជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគី AdressV125 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GK-6854 ជាមួយកូនស្រី (ជាអ្នកបើកម៉ូតូ) និងចៅស្រី(អង្គុយកណ្តាល) ហើយជនរងគ្រោះអង្គុយខាងក្រោយ មានស្ពាយកាបូបលុយពាក់ឆៀងពីស្តាំទៅឆ្វេង ចេញពីមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីត្រឡប់ទៅផ្ទះដែលស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលជនរងគ្រោះកំពុងជិះម៉ូតូជាមួយកូនស្រី និងចៅស្រីខាងលើ តាមផ្លូវបេតុង៥០ម៉ែត្រ​ពីកើតទៅលិច ដល់ចំណុចខាងមុខបុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HO-7489 ឌុបគ្នាស្របទិសជាមួយជនរងគ្រោះដែរ ។ ពេលនោះជនសង្ស័យឈ្មោះ អេង ដារ៉ូ ហៅ តែម បានបើកម៉ូតូមកអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ស៊ឹម សិរីបុត្រ បានធ្វើសកម្មភាពឆក់យកកាបូបលុយដែលជនរងគ្រោះស្ពាយពាក់ឆៀងជាប់នឹងស្មាខាងស្តាំទៅឆ្វេងនោះ តែ ជនរងគ្រោះបានចាប់ឱបកាបូបជាប់មកវិញ ហើយជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួនទៅទិសខាងលិច ក៏ជួបនឹងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដែលកំពុងដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍នៅលើផ្លូវបេតុង៥០ម៉ែត្រក្បែរកន្លែងកើតហេតុចេញជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃាត់បានជនសង្ស័យទាំង២នាក់ខាងលើ រួមនិឹងវត្ថុតាងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HO-7489 យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវីធីច្បាប់ ។

​ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង២នាក់ខាងលើបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់យកកាបូបលុយរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង២នាក់ខាងលើ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕

...

ដោយ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print