សមត្ថកិច្ចចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៣នាក់ (អនីតិជន ០១នាក់) ។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅនៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ ពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

នគរបាលបានអោយដឹងថា ស្រ្តីម្ចាស់ទីតាំងមាន ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា ស្នាក់នៅទីតាំងម៉ាស្សានៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាទីតាំងម៉ាស្សាកោសជប់ យីហោ កល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាតដោយមាននារីក្មេងចំនួន៥នាក់ រងចាំភ្ញៀវ មកម៉ាស្សាធម្មតាតម្លៃ៥$ ម៉ាស្សាប្រេង8$ រយៈពេល១ម៉ោង និងរួមភេទ តម្លៃចាប់ពី ៤០ដុល្លារ ទៅ៥០ដុល្លារ ក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ ក្នុងនោះនារីរងគ្រោះចំនួន៣នាក់(អនីតិជនម្នាក់) និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរនិងចាត់ការតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print