ខេត្តកណ្ដាល៖ មិនគួរសោះ ខណៈម្ដាយ បានផ្តល់កំណើតឱ្យកូន ហើយគាត់ជាជនពិការនិងមានជម្ងឺជាប់ខ្លួនទៀត បែជាកូនបានសងគុណគាត់វិញនូវអំពើហិង្សាលើម្តាយ តើលើលោកនេះចិត្តមានក្រំគ្រាបេះដូងដល់កម្រិតណា..!
ពិតជាកូនប្រុសចិត្តតិរច្ឆាន ដោយសារតែអន់ចិត្តរឿងម្ដាយ ចោទថាមិនស្រលាញ់ដូចគេ បានទៅផឹកស្រាថ្នាំស្រវឹងជោគខ្លួន ពេលមកដល់ផ្ទះរករឿង ថែមទាំងទាញដំបងវាយម្តាយយ៉ាងដំណុំបណ្តាលឱ្យរងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ខឺន សាវឿន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពិការភាព (ស្វិតត្រគៀកខាងស្តាំ) មានទីលំនៅភូមិឃុំកើតហេតុ មានរបួសស្នាមលើ ចង្កេះខាងស្តាំ០១កន្លែង និងរបួសលើខ្មងជើងខាងឆ្វេង០១កន្លែង។
ដោយឡែក ជនសង្ស័យជាកូនតិរច្ឆាន ឈ្មោះ ពៅ គន្ធា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិឃុំកើតហេតុ។
ប្រភពពីកម្លាំងនគរបាលបានរៀបរាប់ថា កន្លងមកជនសង្ស័យនៅពេលស្រវឹងស្រាម្តងៗ ចេះតែរករឿងឪពុកម្តាយរបស់ខ្លួន ហើយធ្លាប់ប្រើហិង្សាទៅលើគាត់ ៤ទៅ៥ដង មកហើយប៉ុន្តែមិនបានប្តឹងសមត្ថកិច្ចឡើយ។ លុះដល់ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ ជនសង្ស័យបានដើរទៅផ្ទះឈ្មោះ អ៊ុត រ៉ា ភេទប្រុស នៅចំហ៊ាងខាងត្បូងផ្ទះខ្លួន ហើយបានទិញស្រាថ្នាំចំនួន២លីត្រ ហូបជាមួយឈ្មោះ អ៊ុត រ៉ា ឈ្មោះហ៊ាង និងមនុស្សម្នាក់មិនស្គាល់ឈ្មោះត្រូវជាបងរបស់ឈ្មោះ អ៊ុត រ៉ា ដល់វេលាម៉ោង១៩៖០០នាទី។
ពេលនោះជនសង្ស័យមានសភាពស្រវឹងស្រាបានដើរមកផ្ទះវិញ ហើយកាន់ដំបងឬស្សីមួយកំណាត់គ្រវីគ្រវាត់ព្រមទាំងស្រែកឡូឡាយ៉ាងខ្លាំងៗ។ ពេលមកដល់ផ្ទះ បានរករឿងម្តាយខ្លួន ដែលមានជម្ងឺកំពុងអង្គុយនៅលើគ្រែក្រោមផ្ទះថា ម៉ែឯងស្រលាញ់តែប្អូនៗ ឯខ្ញុំវិញម៉ែឯងមិនស្រឡាញ់ខ្ញុំឡើយ។ ពេលឮដូច្នោះ ជនរងគ្រោះ បាននិយាយថា អា គន្ធា កូនៗអញស្រលាញ់ស្មើៗគ្នា មិនស្អប់កូនណាឡើយប៉ុណ្ណឹងបានហើយកុំមាត់ឡូឡាទៀត។
ភ្លាមនោះជនសង្ស័យបានយកដំបងឬស្សីវាយម្តាយខ្លួនចំនួន០២ដំបងត្រូវចង្កេះចំហ៊ាងខាងស្តាំមួយដំបង និងត្រូវខ្មងជើងខាងឆ្វេងមួយដំបងមានរបួសហើមប៉ោង ពេលនោះឈ្មោះសុខ ពៅ ជាប្តីនិងកូនៗ ឈ្មោះ ពៅ ណាវី ឈ្មោះ ពៅ ស្រីថា បាននាំគ្នារត់ចេញពីតូបនៅខាងមុខផ្ទះទៅឃាត់ជនសង្ស័យ ព្រមទាំងមកដាក់ពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍វិហារសួគ៌ ។
បន្ទាប់ពីនគរបាលទទួលពាក្យបណ្តឹងភ្លាមៗ កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនបានភ្លាមៗ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សូមរំលឹកថា៖ កូនចិត្តតិរច្ឆានបែបៗនេះ ពិតណាស់ គឺព្រះមិនជួយទេ សូមឱ្យកូនៗគ្រប់រូប មានសីលធម៍ ដឹងបុណ្យបាប ដឹងអ្នកមានគុណ ជាពលរដ្ឋល្អក្នុងសង្គម ៕
ដោយ៖ សហការី