អន្តរជាតិ៖ លោក ម៉ូហ៍ រ៉ាដហ្ស៊ី ជីទីន (Mohd Radzi Md Jidin) ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី បានថ្លែងថា នៅថ្ងៃទី១៥ខែកក្កដា ខាងមុខនេះ សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅប្រទេសម៉ាឡេស៊ី នឹងវិលត្រឡប់ទៅសាលារៀនវិញ ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។
លោក Mohd Radzi Md Jidin បានគូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាពីទម្រង់១ ដល់ទម្រង់៤ ក៏ដូចជាសិស្សដែលត្រូវរៀនបំប៉ន នឹងត្រូវចូលរៀនវិញនៅសាលានៅថ្ងៃពុធ ទី១៥ ខែកក្កដាខាងមុខនេះតែម្តង» ។ ទេសរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា «សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ចាប់ពីថ្នាក់ទី៥ ដល់ទី៦ ក៏នឹងត្រូវវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃពុធ ទី១៥ ខែកក្កដាដូចគ្នាដែរ។ ចំណែកឯសិស្សថ្នាក់ទី១ ដល់ទី៤វិញ នឹងត្រូវចូលរៀនវិញនៅថ្ងៃពុធទី២២ ខែកក្កដាខាងមុខ»។
គួរបញ្ជាក់ថា នៅចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 អាជ្ញាធរម៉ាឡេស៊ីបានសម្រេចបិទទ្វារសាលារៀនទាំងអស់ តាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ខណៈពេលដែលមេរៀនទាំងអស់ ត្រូវបានបង្រៀនតាមប្រព័ន្ធអ៊ីនធើណិតជំនួសវិញ។ ប៉ុន្តែក្រោយពីស្ថានការណ៍ COVID-19 បានល្អប្រសើរឡើងបន្តិចមកវិញ អាជ្ញាធរក៏បានសម្រេចឲ្យសិស្ស ដែលត្រូវប្រឡងចេញថ្នាក់មធ្យមសិក្សាចូលរៀនវិញកាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ៕ដោយ៖ស តារា