ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នាព្រឹកថ្ងៃទី២ កក្កដាម្សិលមិញថា នឹងអនុញ្ញាតឲ្យកាស៊ីណូ ប្រតិបត្តិការអាជីវកម្មសាជាថ្មីឡើងវិញ។ ប៉ុន្តែសម្ដេចតេជោ បានបញ្ជាក់ថា ការដំណើរការអាជីវកម្មវិញនេះ គឺតម្រូវឱ្យកាស៊ីណូទាំងនោះ មានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ ។
ដោយឡែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានចូលស្ដាប់កិច្ចប្រជុំនេះ បានស្រង់ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាមកសរសេរលើបណ្ដាញហ្វេសប៊ុកថា៖«កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩»។
គួររំលឹកផងដែរថា កាលពីអំឡុងខែមីនាកន្លងទៅ ដោយសារតែការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ បានរាលត្បាតជាសកលលើពិភពលោកនោះ ទើបរដ្ឋាភិបាល បានប្រកាសបិទដំណើការកាស៊ីណូបណ្ដោះអាសន្ន ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏សម្រេចបិទសាលារៀន និងកន្លែងកម្សាន្តនានា ដូចជាក្លិប ខារ៉ាអូខេ និងហាមមិនឱ្យមានការធ្វើពិធីជួបជុំគ្នាជាលក្ខណទ្រង់ទ្រាយធំផងដែរ ៕ដោយ៖ស តារា