ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចេញនូវទស្សនៈ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ មុននេះបន្តិថា៖ ក្នុងនាមយុវជនម្នាក់ ខ្ញុំពិតជាមានការសោកស្ដាយ និងហួសចិត្តពេលបានឃេីញនិងស្ដាប់អត្ថន័យបទចម្រៀងនេះ។ មិនខុសពីការរិះគន់របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រេីនទៀត ខ្លឹមសារនេះមានចរិតរេីសអេីង បំបែកបំបាក់ជាតិសាសន៍ បន្ទាបតម្លៃអ្នកព្រៃវែង បន្តុះបង្អាប់កិត្តិយស ប្រមាថសេចក្ដីថ្លៃថ្នូរក្នុងនាមប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញនិងសេចក្ដីថ្លៃថ្នូរដ៏បរិបូរណ៍នាសម័យបច្ចុប្បន្ន។
លោករដ្ឋលេខាធិការ បានបន្តថា៖ ខ្ញុំយល់ថា អ្នកគ្រប់គ្រងការផលិត អ្នកដឹកនាំសម្ដែង ផលិតករ អ្នកនិពន្ធ គួរពិចារឱ្យបានគ្រប់ជ្រុងជ្រោយបំផុតជុំវិញផលប៉ះពាល់សតិអារម្មណ៍ និងសង្គមទាំងមូល មុននឹងផលិតចេញជាសាធារណៈ។ ចំណែកអ្នកចម្រៀង អ្នកសម្ដែង ក៏គួរពិចារណាដោយជួយកេះគ្នាពិនិត្យកែសម្រួលខ្លឹមសារផងដែរ។
លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងទៀតថា៖ ធាតុពិតអ្នកព្រៃវែងពុំមានចរិតលក្ខណៈដូចអត្ថន័យសម្ដែងក្នុងបទនេះទេ។ អ្នកព្រៃវែងស្លូតបូត ឧស្សាហ៍ព្យាយាមប្រកបរបរការងារផ្សេងៗ។ ទោះជាមានចំណុចអវិជ្ជមានខ្លះ តែនោះជាឥរិយាបថបុគ្គល ហេីយមិនមែនតែអ្នកព្រៃវែង និងមិនមែនមានតែស្រុកខ្មែរដែរ។ សូមកុំយកទស្សនៈ (ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់)មកអនុវត្ត។ ជាសំណូមពរ ខ្ញុំគិតថា ក្រុមការងារផលិតគប្បីចេញមុខសុំទោសជាសាធារណៈ និងដកចេញគ្រប់ប្រព័ន្ធនៃការផ្សព្វផ្សាយទាំងអស់។
លោកបន្តថា៖ ជាថ្មីម្ដងទៀត ក្រុមការងារផលិតមុននឹងផលិត ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការទទួលខុសត្រូវសង្គម និងការប្រឈមផ្លូវច្បាប់។ ក្នុងករណីនេះ អាចចាត់ថាជាការញុះញុងឱ្យមានការរេីសអេីង ការជេរប្រមាថ…ដែលសុទ្ធតែជាបទល្មេីសព្រហ្មទណ្ឌ។ តែទោះយ៉ាងណា យេីងគាំទ្រនិងលេីកទឹកចិត្តរាល់ការផលិតស្នារដៃនានា ដេីម្បីលេីកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យេីង ឈរលេីវិជ្ជាជីវៈត្រឹមត្រូវ៕
ដោយ៖ សុខ ខេមរា