ខេត្តត្បូងឃ្មុំ៖ ខណៈពិធីបុណ្យចូលព្រះវស្សា នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវស្សា សៅ ទី ហេង សំរិន អមដំណើរដោយ លោក លោកស្រីអ្នកតំណារាស្រ្ត លោកអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត លោកទ្រីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចំនួន១១ នៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលពិធីនេះបានធ្វើឡើងទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅវត្តគីរីសុវណ្ណរាម (ហៅវត្តថ្កូវ) ដែលស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ សម្តេចបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធារបានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។
សម្តេច ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួង សុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៃរលកទី២ ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺមួយនេះ។
ពិធីបុណ្យចូលព្រះវស្សាដែលមានរយៈពេលបីខែ នឹងចូលមកដល់នៅថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ។ ចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាម ដើម្បីសិក្សាព្រះធម៌វិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ ជាការទ្រទ្រង់ដល់ព្រះសង្ឃនៅក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធបរិស័ទតែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ ស្លាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅប្រគេនព្រះសង្ឃតាមវត្តអារាម។
ក្នុងឱកាសនេះ សម្តេច បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួន ដល់វត្តចំនួន១១ នៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលវត្តនីមួយៗទទួលបាន ទៀនព្រះវស្សា១គូ ទឹកក្រូច៤កេះ ទឹកសុទ្ធ៤កេះ មី៤កេះ ទឹកដោះគោ១កេះ អង្ករ២បេ ស្ករស២០គីឡូក្រាម និងប្រគេនបច្ច័យដល់វត្តគីរីសុវណ្ណរាម (ហៅវត្តថ្កូវ) ចំនួន៥លានរៀល ដោយឡែកវត្ត១០ទៀតបច្ច័យ២លានរៀល និងយាយជី តាជី ១០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ ប្រេងកូឡា២ប្រអប់ និងថវិកាចំនួន១ម៉ឺនរៀល៕
ដោយ៖ សិលា