ខេត្តរតនគិរី៖ លោក ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងលោកស្រី បានអញ្ជើញចូលរួមបុណ្យបញ្ចុះគោលសីមាសាឡុំ និងឆ្លងសមិទ្ធិផលនានា នៅវត្តគិរីរង្សី ស្ថិតនៅភូមិសាយ៉ស់ក្រោម ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី នារសៀលថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០។
បុណ្យបញ្ចុះគោលសីមាសាឡុំ និងឆ្លងសមិទ្ធិផលនានាខាងលើ ជាការផ្តួចផ្តើមឡើងដោយ លោក ប៊ូ ឡាំ និងលោកស្រី រួមជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការចំណុះជើងវត្ត ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមទាំងមន្រ្តីរាជការគ្រប់ស្ថាប័នក្នុងខេត្ត ធ្វើឡើងដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទ ក្នុងការបំពេញបុណ្យកុសលផ្សេងៗក្នុងព្រះពុទ្ធសាសនា។
នាព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃអាទិត្យ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ លោក ប៊ូ ឡាំ និងលោកជំទាវ ក៏បានធ្វើពិធីរាប់បាត្រដល់ព្រះសង្ឃ និងចូលរួមដាំដេីមឈើក្នុងទីធ្លាបរិវេណវត្តផងដែរ។
ជាមួយគ្នានេះ លោក និងលោកស្រីព្រមទាំងក្រុមគ្រួសារ ក៏បានប្រគេនទៀនវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងវត្តខាងលើផងដែរ៕
ដោយ៖ សិលា