អន្តរជាតិ៖ ក្នុងកំឡុងថ្ងៃវិសេសរបស់សហរដ្ឋអាមេរិក គឺជាទិវាបុណ្យឯករាជ្យជាតិ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿរនោះ គឺក្រុមបាតុករមួយចំនួននៅសហរដ្ឋអាមេរិក បាននាំគ្នាដុតទង់ជាតិរបស់ខ្លួន និងបំផ្លាញរូបសំណាកបុគ្គលសំខាន់ៗ ក្នុងប្រវត្តិសាស្រ្តទៅវិញ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ ។
ការផ្សាយនៃប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក រួមជាមួយការបង្ហោះវីដេអូក៏ដូចជារូបភាព នៅតាមបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ទី៤ ខែកក្កដាម្សិលមិញនេះ ដោយបញ្ជាក់ពីរូបភាព បាតុករមួយ ក្រុមនៅទីក្រុងបាល់ទីម័រ (Baltimore) នៃរដ្ឋម៉ារីលែន (Maryland) ភាគខាងកើតសហរដ្ឋអាមេរិក បាននាំគ្នាទាញរំលំរូបសំណាកលោក គ្រីស្តុប គូឡុំ (Christopher Columbus) ដែលជាអ្នករុករកឃើញអ្នកអាមេរិក រួចអូសរូបសំណាកនោះ ទៅទម្លាក់ចូលក្នុងទឹកថែមទៀត ។ ចំណែកនៅក្បែរសេតវិមានវិញ បាតុករមួយក្រុមផ្សេងទៀត បានដុតទង់ជាតិអាមេរិក ពេលកំពុងមានការបាញ់កាំជ្រួចអបអរ ថ្ងៃបុណ្យ ឯករាជ្យរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងទង្វើបែបនេះរបស់ក្រុមបាតុករ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្លាប់បានចាត់ទុកថា ពួកគេទាំងនោះគឺជាអ្នកដែលចង់លុបបំបាត់ប្រវត្តិសាស្រ្តអាមេរិក ហើយលោកក៏ចង់ឲ្យមានការចាប់ខ្លួនអ្នកដែល ដុតទង់ជីវិតអាមេរិកដាក់ពន្ធនាគារផងដែរ៕ដោយ៖ស តារា