ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់ម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ដោយខ្សែនីឡុងចងព្យួ.កធ្វើអត្តឃាតលើផ្ទះ ដោយបន្សល់នូវលិខិត ១សន្លឹក ដែលគេសង្ស័យអាចគិតខ្លី បណ្ដាលមកពីអន់ចិត្តអន់ថ្លើមនឹងស្រ្តីជាម្ដាយ សំណូមពរ កូនកុំឱ្យបើកបរម៉ូតូ ឬទៅណាមិនសមរម្យ។
ហេតុការណ៍ក្មេងស្រីទំទង់ធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្ទះរបស់ឈ្មោះ ហួន សារួន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិជ័ម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ច នគរបាលស្រុកក្រគរប្រាប់ថា ក្មេងស្រីទំទង់ធ្វើអត្តឃាតឈ្មោះ ហន សារុំ ហៅណូ អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ក្មេងស្រីចិត្តស្រាលរូបនេះ បានយកខ្សែនីឡុង ពណ៏ខៀវ ប្រវែងប្រមាណ ១ម៉ែត្រចងព្យួ.កជាមួយផ្ទានលើផ្ទះ ដែលមានកម្ពស់ប្រមាណ ២ម៉ែត្រកន្លះ ។
នគរបាលស្រុកបន្តថា តាមការបំភ្លឺស្រ្តីជាម្ដាយឈ្មោះ ហួន សារួន មុនកើតហេតុរូបគាត់បានចេញទៅកង្វាលគោនៅឯភ្នំ ដោយប្រាប់កូនស្រី(ជនរងគ្រោះ)ឲ្យដាំបាយរួចយកទៅឲ្យគាត់ជាក្រោយ លុះនៅវេលាម៉ោងខាងលើស្រាប់តែឃើញកូនប្រសាឈ្មោះ សុង អ៊ុនតាក់ ទៅប្រាប់ថា ម៉ែ មីណូចង.កស្លាប់ហើយ ខណៈនោះធ្វើឲ្យរូបគាត់មានការតក់ស្លុតយ៉ាងពន់ពេក ។ ស្រ្តីជាម្ដាយបានលើកហេតុផលខ្លះៗប្រាប់សមត្ថកិច្ចបន្តថា ប៉ុន្មានថ្ងៃមុនកូនស្រីរងគ្រោះរបស់គាត់ទៅខ្ចីម៉ូតូបងប្រុស ប៉ុន្តែបងប្រុសជិះទៅណាបាត់ ក៍ត្រឡប់មកវិញទាញម៉ូតូចាស់ជិះទៅបុណ្យនៅវត្តមួយបាត់ទៅ បន្ទាប់មកសុំគាត់ជិះម៉ូតូទៅលេងនៅខេត្តពោធិ៍សាត់ គាត់មិនឲ្យទៅព្រោះខ្លាចមានអ្វីកើតឡើង បន្ទាប់ទៀតសុំគាត់ទៅរកការងារធ្វើនៅរាជធានីភ្នំពេញ គាត់នៅតែមិនឲ្យទៅដដែល ។
នគរបាលដដែលបន្តទៀតថា ខ្លឹមសារលិខិតបណ្ដាំសរសេរថា ញុមលាហើយសង្ឃឹមថា ម៉ែ នឹងសប្បាយចិត្ត ញុមបំពេញតាមបំណងម៉ែហើយ កូនស្រលាញ់ម៉ែណាស់ ។ សមត្ថកិច្ចសន្ថិដ្ឋានអាចពិតជាស្លាប់ដោយចងព្យួ.កធ្វើអត្តឃាតពិតប្រាកដ ដែលអាចបណ្ដាលមកពីអាក់អន់ចិត្តនឹងម្ដាយរឿង សុំម៉ូតូជិះ សុំទៅដើរលេង និងសុំទៅរកការងារធ្វើ ប៉ុន្តែស្រ្តីជាម្ដាយនៅតែមានភាពរឹងមាំគ្រងកូនជានិច្ច ៕
ដោយ៖ បុឹម ពិន