ខេត្តតាកែវ៖ កាលពីថ្ងៃច័ន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំទុង នៃទីស្តីការក្រសួងបរិស្ថាន លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអន្តរក្រសួងសម្រាប់ចុះកំណត់តំបន់ស្ថានីយបុរាណ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការចុះកំណត់ស្ថានីយបុរាណនៅខេត្តតាកែវ ដើម្បីរក្សាទុកជាតំបន់អភិរក្សបេតិកភណ្ឌ។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បី: ទី១)ប្រកាសសមាសភាព និងភារកិច្ចក្រុមការងារអន្តរក្រសួង និងទី២)ដើម្បីពិភាក្សា និងរៀបចំផែនការអនុវត្តការងារនាពេលខាងមុខ នៅតំបន់អាទិភាពដែលកំណត់ដោយរដ្ឋបាលខេត្តតាកែវ។
សូមបញ្ជាក់ថា៖ ក្រសួងបរិស្ថានបានចេញសេចក្តីសម្រេចលេខ០២៩ស.ស.រ.បស្ថ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវ ដើម្បីរក្សាទុកជាតំបន់អភិរក្សបេតិកភណ្ឌ ដែលមានសមាជិកសរុប២៦រូប មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រសួងរ៉ែនិងថាមពល ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ មន្ទីរបរិស្ថាន មន្ទីរវប្បធម៌និងវិចិត្រសិល្ប: និងមន្ទីរធម្មការនិងសាសនា ខេត្តតាកែវ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារអន្តរក្រសួងពិនិត្យលើការចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវនៅពេលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ទា ជុប អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ លោកស្រី ជា សុភូ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងក្រសួង ស្ងាប័នពាក់ព័ន្ធមួយចំនួនទៀត៕
ដោយ៖ សិលា