ភ្នំពេញ៖នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និង ឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ជាផ្លូវការហើយ ។ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្តាញសង្គម Telegram ។
បើតាមអ្នកនាំពាក្យ គឺ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និង កៃបំបាត់ដោយទុច្ចរិត និង ស៊ីសំណូក ។ ចំណែក ឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និង កៃបំបាត់ដោយទុច្ចរិត និង បទសូកប៉ាន់ ។
បច្ចុប្បន្ន សំណុំរឿងនិងជនត្រូវចោទទាំង២នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយ ធ្លាប់អះអាងថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទាំងមូល ។
សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ករណីទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តបាត់ដំបង ត្រូវដកហូតត្រឡប់មកវិញនូវដីដែលបុគ្គលឈ្មោះ សង ថន បានទន្ទ្រានរំលោភយកដោយខុសច្បាប់ និង ត្រូវប្រគល់អោយរដ្ឋបាលខេត្តបាត់ដំបង គ្រប់គ្រងនិងរក្សាទុកសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ក្នុងគោលដៅសម្បទានសង្គមកិច្ច ៕
ដោយ៖ ចេស្តា