អ្នកចាំទី Gianluigi Buffon បានក្លាយជាអ្នកបង្ហាញខ្លួនលើទីលានប្រកួតច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌអ៊ីតាលី Serie A ដែលបានយកឈ្នះកីឡាករ Paolo Maldini អតីតកីឡាករនៅក្លឹប AC Milan។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃអង្គារនេះ។
អ្នកចាំទីជើងចាស់ Buffon បានលេងការប្រកួតលើកទី៦៤៨របស់គាត់ក្នុងការប្រកួតលីកកំពូលអ៊ីតាលីក្នុងជំនួបរវាងក្រុមJuventus ជាមួយក្រុម Torino កាលពីថ្ងៃសៅរ៍ ដោយកីឡាករ Maldini ដែលបានចូលនិវត្តន៍បង្ហាញខ្លួនបានចំនួន៦៤៧ប្រកួត។
Buffon បានចាប់ផ្តើមអាជីពរបស់គាត់នៅក្លឹប Parma ដោយបង្ហាញខ្លួនបាន១៦៨ដងនៅ Serie A សម្រាប់គាត់ចន្លោះឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០១ ។
គាត់បានផ្លាស់ទៅលេងនៅក្លឹប Juventus ក្នុងឆ្នាំ២០០១ និងបានបង្ហាញខ្លួនចំនួន៤៨០ដងក្នុងការចូលលេងលើកដំបូងរបស់គាត់ប៉ះជាមួយក្លឹប Turin រហូតដល់ឆ្នាំ២០១៨ ។
បន្ទាប់ពីចំណាយពេល១រដូវកាល២០១៨-២០១៩ នៅឯក្លឹប Paris Saint-Germain អ្នកចាំទី Buffon បានវិលត្រឡប់មក Juventus វិញកាលពីរដូវក្តៅមុន និងបានបង្ហាញខ្លួន៧ដងនៅ Serie A រដូវកាលនេះ។ ចំណែកMaldini ធ្លាប់បានបង្ហាញគ្រប់ការប្រកួតទាំងអស់នៅ Serie A បាន៦៤៧ដង ពេលលេងជាមួយ AC Milan ចន្លោះឆ្នាំ១៩៨៤ ដល់ឆ្នាំ២០០៩ ។
ខាងក្រោមនេះគឺជាកីឡាករទាំង១០រូបដែលបង្ហាញខ្លួននៅលើទីលានបានច្រើនជាងគេនៅក្របខ័ណ្ឌអ៊ីតាលី Serie A៖
១-កីឡាករ Gianluigi Buffon បង្ហាញខ្លួន 648ដង
២-កីឡាករ Paolo Maldini បង្ហាញខ្លួន 647ដង
៣-កីឡាករ Francesco Totti បង្ហាញខ្លួន 618ដង
៤-កីឡាករ Javier Zanetti បង្ហាញខ្លួន 615ដង
៥-កីឡាករ Gianluca Pagliuca បង្ហាញខ្លួន 592ដង
៦-កីឡាករ Dino Zoff បង្ហាញខ្លួន 570ដង
៧-កីឡាករ Pietro Vierchowod បង្ហាញខ្លួន 562ដង
៨-កីឡាករ Roberto Mancini បង្ហាញខ្លួន 541ដង
៩-កីឡាករ Silvio Piola បង្ហាញខ្លួន 537ដង
១០-កីឡាករ Enrico Albertosi បង្ហាញខ្លួន 532ដង ៕
ដោយ៖ ភារៈ