អ៊ុយក្រែន៖ មិនគួរឲ្យជឿទេដែលស្ត្រីម្នាក់មានឈ្មោះថា Anastasiia Pokreshchuk វ័យ៣១ឆ្នាំ មកពីរដ្ឋធានី Kiev នៃប្រទេសអ៊ុយក្រែន បានញៀននឹងការចាក់បំពេញថ្ពាល់ រហូតមកទល់ពេលនេះ នាងចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ២,០០០ដុល្លារអាមេរិកហើយ។
នាង Anastasiia បានប្រាប់សារព័ត៌មានឲ្យដឹងថា រូបនាងបានចាក់អាសុីត Hyaluronic ជាច្រើនដងទៅក្នុងថ្ពាល់ បន្ទាប់ពីទស្សនាការបង្រៀនរបស់វេជ្ជបណ្ឌិតនៅលើបណ្ដាញអុីនធើណេត នាងក៏យល់ស្របដែរថា វាពិតជាមានគ្រោះថ្នាក់ ប៉ុន្ដែនាងចូលចិត្តយ៉ាងខ្លាំង និងមិនមានគម្រោងបញ្ឈប់ឡើយ។
ទន្ទឹមនឹងនេះដែរ នាងគិតថា ផ្ទៃមុខរបស់នាងមុនពេលមិនទាន់ចាក់ គឺមានសភាពដូចជាសត្វកណ្ដុរពណ៌ប្រផេះមួយក្បាល។ បើទោះបីជាសព្វថ្ងៃនេះ ផ្ទៃមុខរបស់នាងមើលទៅហាក់ដូចជាចម្លែក ដែលមនុស្សគ្រប់រូបមិនចូលចិត្ត តែសម្រាប់នាងគឺពេញចិត្តយ៉ាងខ្លាំង និងមិនមានការស្ដាយក្រោយអ្វីទេ។
ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិត Alex Karidis បានធ្វើការព្រមានទៅកាន់នាង Anastasiia និងអ្នកដទៃទៀតអំពីគ្រោះថ្នាក់នៃការចាក់បញ្ចូលថ្នាំដោយខ្លួនឯង ដែលគួរតែទៅរកគ្រូពេទ្យជំនាញមានសមត្ថភាព បូករួមទាំងចំណេះដឹង និងបទពិសោធន៍យូរឆ្នាំ ជាជាងចាក់ដោយខ្លួនឯងផ្ទាល់៕
ដោយ៖ ស សម