មិនត្រឹមតែប៉ុណ្ណោះពាក្យចចាមអារ៉ាមដដែលបន្តថាលោកអធិការបំរ៉ុងស៊ីដាច់ម៉ូតូ ៤គ្រឿងដែលដកហូតពីក្រុមជនសង្ស័យករណីគ្រឿងញៀនទៀតផង។
ប្រភពពីមន្ត្រីនគរបាលស្រុកបរសេដ្ឋជាច្រើនបានបង្ហាញថាប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំងបន្ទាប់ពីដឹងថាលោកអធិការបានដោះលែងជនសង្ស័យក្នុងករណីចោរកម្មគាស់ផ្ទះនិងតាមទីវត្ត អារ៉ាមនានាឲ្យមានសេរីភាពឡើងវិញដោយមិនបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើនោះទេ។ការដោះលែងនេះត្រូវបានមន្ត្រីជាច្រើនអះអាងថាលោក អ៊ុំ ចំរើន បានទទួលសំណូកចំនួន ១.៤០០$ពីគ្រួសាររបស់ជនសង្ស័យដើម្បីដោះលែងរូបគេឲ្យមានសេរីភាពឡើងវិញរួចផុតពីការចោទប្រកាន់របស់តុលាការ។
មានការលើកឡើងថាលោក អ៊ុំ ចំរើន ដែលធ្វើការដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញនេះគាត់មិនបានគិតអំពីបញ្ហាភូមិឃុំមានសុវត្ថិភាពនោះទេ។ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាចអំពីសុខសុវត្ថិភាពនិងសន្តិសុខនៅក្នុងមូលដ្ឋានជាខ្លាំង។ជនសង្ស័យត្រូវបានដឹងថាជាមុខសញ្ញាចាស់ តែងតែធ្វើសកម្មភាពលួច យកទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនលើកច្រើនសារមកហើយសូម្បីតែវត្តអារ៉ាមក៏ជនសង្ស័យរូបនេះចូលធ្វើសកម្មភាពដែរ។ មានការបង្ហើបថាជនសង្ស័យដែលចាប់ខ្លួនបានហើយដោះលែងវិញជាថ្នូរនិងលុយ១,៤០០$នោះមានឈ្មោះ កែវ សុខុម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ត្រពាំងធ្លក ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្រោយពីសមត្ថកិច្ចទួលអំពិលឃាត់ខ្លួនជនសង្ស័យបានហើយយកទៅដល់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបែរជាលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ បានឃុបឃិតជាមួយជនសង្ស័យដោះលែងអោយមានសេរីភាពវីញជាថ្នូរនិងលុយ១,៤០០$។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកបសេដ្ឋមួយរូបបានបង្ហើបថាលោក អ៊ុំ ចំរើន តាំងពីមកកាន់តួនាទីជាអធិការនគរបាលស្រុកបរសេដ្ឋកាលណាមកធ្វើអ្វីអត្តនោម័តតែម្នាក់ឯងមិនដែលសួរយោបល់ជំនាញហើយរាយការណ៍ទៅថ្នាក់លើម្ដងណាឡើយ។មន្រ្តីដដែលបន្តថាលោក អ៊ុំ ចំរើន កន្លងមកពេលមានបទល្មើសកើតឡើងល្មមៗគឺគាត់លាក់មិនរាយការណ៍ទៅថ្នាក់លើ អោយបានដឹងនោះទេ។
បើនិយាយពីរឿងពុករលួយវិញគ្មានកូនចៅណាហ៊ាននិយាយទេ មិនតែប៉ុណ្ណោះទេលោក អ៊ុំ ចំរើន បានស៊ីដាច់ ម៉ូតូចំនួន៤គ្រឿង ដែលមន្ត្រីនគរបាលក្រោមឱវាទចាប់បានពីពួកគ្រឿងញៀនទៀតផង និយាយរួមពេលចាប់បានពួកគ្រឿងញៀនលោកបានបញ្ជាអោយដកហូតម៉ូតូយកមករក្សាទុកនៅស្រុក ហើយក៏មិនរាយការណ៍ទៅលោកស្នងការដែរ និយាយទៅគឺយកមនុស្សទៅដាក់គុកហើយ ទុកម៉ូតូសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន។
មន្ត្រីដដែលបន្តថាម៉ូតូទាំង៤គ្រឿងដែលលោកអធិការស្រុកបសេដ្ឋយកមាន
ទី១-ម៉ូតូម៉ាកហុងដា C125 ស៊េរី2015 ពណ៌ខ្មៅ១គ្រឿង។
ទី២-ម៉ូតូម៉ាកហុងដា C125 ស៊េរី2020 ពណ៌ខ្មៅ ១គ្រឿង។
ទី៣-ម៉ូតូម៉ាកហុងដា ហ្សូមម៊ើ អ៊ិច ស៊េរី2017 ពណ៌ក្រហម១គ្រឿង។
ទី៤-ម៉ូតូម៉ាក អ៊ិចសេនធើរ ស៊េរី 2018 ពណ៌ខ្មៅ ១គ្រឿង។
ម៉ូតូទាំង៤គ្រឿងនេះ ត្រូវបានលោកអធិការ បញ្ជូនទៅផ្ទះរបស់គាត់ នៅខេត្តកោះកុង ចំនួន2គ្រឿងនឹង2គ្រឿងទៀត ត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបស់ប្រពន្ធរបស់គាត់។ប៉ុន្តែថ្មីៗនេះឃើញលោកប្រមូលម៉ូតូទាំងនោះយកមកទុកនៅស្រុកវិញអស់ហើយ។
ករណីនេះផងដែរមន្ត្រីក្រោមឱវាទ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានស្នើសុំទៅ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ ជាពិសេសអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន សូមមេត្តាពិនិត្យមើលភាពមិនប្រក្រតី របស់លោកអធិការនគរបាលស្រុកបសេដ្ឋផង ព្រោះមន្ត្រីក្រោមឱវាទ អស់ជំនឿលើលោកទៀតហើយ។
ដោយឡែកបើតាមមន្ត្រីដែលស្និតជាមួយលោក អ៊ុំ ចំរើន វិញបានលើកឡើងថានេះគ្រាន់តែជាប្រភពបែកធ្លាយតែម្ខាងប៉ុណ្ណោះរីឯរឿងរ៉ាវពិតនោះទាល់តែសួរគាត់ផ្ទាល់បានបានដឹងច្បាស់។
ពលរដ្ឋនៅស្រុកបសេដ្ឋជាច្រើនបានធ្វើការសំណូមពរថ្នាក់ដឹកនាំ ជាពិសេសគឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាពិនិត្យចាត់វិធានការរដ្ឋបាលចំពោះលោក អ៊ុំ ចំរើន ដើម្បីកុំអោយមានគំរូអាក្រក់ដល់មន្ត្រីបន្តវេនជំនាន់ក្រោយ។ម្យ៉ាងដើម្បីអោយប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទ មានភាពកក់ក្ដៅនិងជឿជាក់ លើអង្គភាពនគរបាលជាតិ ជាអ្នកអនុវត្តច្បាប់បម្រើរាស្ត្រពិតប្រាកដ ។
ចំពោះរឿងដោះលែងជនសង្ស័យនោះលោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ ដែលរងការចោទប្រកាន់ ថាស៊ីសំណូកដោះលែងជនសង្ស័យនេះដែរ លោកអធិការបានបំភ្លឺថា”តាមការពិតជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចលុយរបស់ព្រះសង្ឃពិតមែន ពេលកំពុងលួចត្រូវព្រះសង្ឃឃើញហើយក៏រត់គេចខ្លួនបាត់ទៅ ។លោកអធិការបន្តថាក្រោយមក២ថ្ងៃម្តាយឪពុកជនសង្ស័យបានទៅជួបលោក(ព្រះសង្ឃ)ហើយយកលុយចំនួន៨០០ដុល្លារទៅសងលោកវិញ ខាងព្រះសង្ឃក៏មិនបានដាក់ពាក្យបណ្តឹងដែរដូច្នេះហើយទើបលោកមិនបានរាយរណ៍ទៅលោកស្នងការ។នៅពេលដែលម្តាយឪពុកជនសង្ស័យសងលុយទៅព្រះសង្ឃហើយលោកក៏បានអោយមន្ត្រីជំនាញទៅធ្វើកំណត់ហេតុផងដែរ។ពាក់ព័ន្ឋនឹងរឿងម៉ូតូលោកអធិការបញ្ជាក់ថាមិនបាត់ទៅណាទេ”។
សូមរំលឹកថាកាលពីថ្ងៃសុក្រ ១៥កើត ខែ ជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ១១៖១៥ នាទីព្រឹក នៅចំណុច កុដិលោកវត្តអង្គស្តុក ស្ថិតនៅក្នុងភូមិ មីលាវ ឃុំ ទួលអំពិល ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ។មានករណី: (គាស់ទំលុះទំលាយ ចូលលួចយកប្រាក់) មួយករណី :ជនសង្ស័យ ឈ្មោះ កែវ សុខុម ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិ ត្រពាំងធ្នង់ ឃុំ ព្រៃវិហារ ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ។បានធ្វើសកម្មភាព គាស់ទំលុះទំលាយ ជញ្ជាំងកុដិលោក ចូលលួចយកប្រាក់ដុល្លាអស់ចំនួន ៨០០$ (ប្រាំបីរយដុល្លារ) របស់ព្រះសង្ឃព្រះនាម អោម សយ ព្រះជន្ម ៧៤ ព្រះវស្សា គង់នៅវត្តកើតហេតុខាងលើ ខណៈពេលដែល លោកឡើងទៅ ឆាន់ ចង្ហាន់ថ្ងៃត្រង់ នៅសាលាឆាន់ ចំងាយពីកុដិ ប្រហែល ១៥០ ម៉ែត្រ ពេលដែលលោកនិមន្តមកកុដិវិញ ក៏បានឃើញឈ្មោះខាងលើ លូនក្បាលចេញពីក្នុងកុដិ លោកសង្ស័យក៏បានហៅកូនសិស្សមកព័ទ្ធស្ទាក់ចាប់ ហើយបានវាយប្រតាយប្រតប់គ្នា តែចាប់មិនបាន ជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ៕ដោយ៖សេនាស័ក្តិ