ប្រទេសប្រេសុីល៖ សមាគមសារព័ត៌មានប្រេស៊ីល (ABI) បានប្រកាសឲ្យដឹងថា ៖បានដាក់ពាក្យបណ្តឹង ប្តឹងប្រធានាធិបតីJair Bolsonaro ឡើងទៅកាន់តុលាការជាន់ខ្ពស់ប្រេស៊ីល ពីបទចេតនា ចំលងកូវីដ១៩ ទៅឲ្យបុគ្គលិកផ្សេងទៀត ដោយសារតែការមិនពាក់ម៉ាស ទោះបីដឹងថា ខ្លួនផ្ទុកកូវីដ-១៩ នោះក៏ដោយ។
សមាគមសារព័ត៌មានបានចោទប្រកាន់ប្រធានាធិបតីJair Bolsonaro ថាមិនគោរពច្បាប់ សុវត្ថិភាព និងការពារសុខភាពដល់ក្រុមអ្នកសារព័ត៌មាន ដោយដោះម៉ាសចេញក្នុងពេលធ្វើសន្និសិទកាសែត នៅទីក្រុង Brasília កាលពីថ្ងៃទី៧ខែកក្កដាកន្លងមក ជាពេលវេលាដែលលោកប្រកាសថា ខ្លួនវិជ្ជមានចំពោះកូវីដ១៩។
សមាគមន៍សារព័ត៌មានប្រេស៊ីល (ABI) បានចោទប្រកាន់ប្រធានាធិបតីបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែត។ ក្រោយសន្និសីទកាសែតតំណាងរាស្ត្រMarcelo Freixo បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖ លោកបានដាក់ពាក្យ បណ្តឹងប្តឹងប្រធានាធិបតី ដែលបានបំពានច្បាប់ មាត្រា១៣១ និង១៣២ នៃច្បាប់ព្រហ្មទណ្ឌ ដែលដោះម៉ាសចេញនៅក្នុងពេលធ្វើសន្និសីទកាសែត។
នៅពេលនេះបណ្តារដ្ឋមន្ត្រីទាំងអស់ និងអ្នកធ្វើការជិតស្និទជាមួយប្រធានាធិបតី ត្រូវបានធ្វើតេស្ត ស្វែងរកកូវីដ១៩ក្រោយប្រធានាធិបតី បានឆ្លង។ បច្ចុប្បន្នប្រេស៊ីល មានករណីឆ្លងកូវីដ១៩កើនឡើងជាង១,៧លាននាក់និងស្លាប់ ៦៨ពាន់នាក់ ឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក៕
ដោយ៖ ធី រីណា