រោងភាពយន្តនានានៅកម្ពុជា​នឹង​អាច​បើក​ដំណើរការ​ជាថ្មី​ បន្ទាប់ពី​មានការ​សម្រេច​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​

ចែករំលែក៖

​ភ្នំពេញ៖ រោងភាពយន្តទំនើបនៅកម្ពុជាត្រូវបានផ្អាកដំណើរការជាច្រើនខែមកហើយក្រោយពីការរីករាលដាលនៃជំងឺកូវីដ១៩។រោង​ភាពយន្ត​ទូទាំងប្រទេស​នឹង​អាច​បើក​ដំណើរការ​ជាថ្មី ក្រោយ​មានការ​សម្រេច​ចុង​ក្រោយពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។
​​រោងភាពយន្តទូទាំងប្រទេសកម្ពុជា បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ ដំណឹងនៃការបើកដំណើរការឡើងវិញនេះបានធ្វើឲ្យផលិតករភាពយន្តបញ្ចេញសារសាទរជាច្រើនស្របពេលដែលផលិតករក្នុងស្រុកបានបង្ហាញពីក្តីកង្វល់នៃការបាត់បង់ប្រាក់ចំណូលពីការចាក់បញ្ចាំងពភាពយន្តរបស់ខ្លួននៅលើរោងភាពយន្ត។
លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ រាជធានីភ្នំពេញបានបញ្ជាក់ថា ខណៈពេលពុំទាន់មានការសម្រេចពីថ្នាក់ដឹកនាំ រោងភាពយន្តទាំងអស់គឺនៅតែបន្តផ្អាកដំណើរការដដែល។ ទោះជាយ៉ាងណាតាមរយៈ​កិច្ចប្រជុំ​រវាង​ក្រសួង​វប្បធម៌ និង​ក្រសួងសុខាភិបាល​កាលពី​ថ្មីៗ​នេះ ក្រសួង​ទាំងពីរ​បានសម្រេច​ឯកភាព និង​ដាក់​របាយការណ៍​ជូន​សម្ដេច តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ថ្នាក់ដឹកនាំ​ដើម្បី​ធ្វើការ​សម្រេច​ចុងក្រោយ ថា​ត្រូវ​អនុញ្ញាត​ឱ្យ​រោងភាពយន្ត​ទូទាំងប្រទេស​បើក​ដំណើរការ​ឡើងវិញ រឺ​នៅ​បន្ត​បិទ​ជា​បណ្ដោះអាសន្ន ​នោះ។

លោកបន្តថា ក្នុងករណី​ប្រមុខ​ថ្នាក់ដឹកនាំ​សម្រេច​អនុញ្ញាត​ឱ្យ​រោងភាពយន្ត​បើក​ដំណើរការ​ជាថ្មី មន្ទីរ​វប្បធម៌​នឹង​មាន​ការជួបជុំ​ជាមួយ​គ្រប់​រោងភាពយន្ត ដើម្បី​ចុះ​អនុស្សរណៈ​រួមគ្នា​ក្នុង​ការ​គោរព​តាម​វិធានការ​ការពារ​ជំងឺ​កូ​វីដ ១៩ ឱ្យបាន​ខ្ពស់​។​

​បើទោះបីជាករណី​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ជាថ្មី​វិញ មន្ត្រី​ជំនាញ​របស់​មន្ទីរ​វប្បធម៌​នឹង​ធ្វើ​ការពិនិត្យ​តាម​រោងភាពយន្ត​ជាប្រចាំ ដើម្បី​ប្រាកដ​ថា ​គ្រប់​រោងភាពយន្ត​ពិតជា​បាន​អនុវត្ត​តាម​វិធានការ​ណែនាំ​យ៉ាង​ខ្ជាប់ខ្ជួន​។ លោកថាអ្វីដែលរោងភាពយន្ត​ទាំងអស់​គោរព​តាម រួមមាន​ការពិនិត្យ​កម្ដៅ ការរក្សា​អនាម័យ ការតម្រូវ​ឱ្យ​ពាក់​ម៉ាស ការ​វាស់​កម្ដៅ ការ​ឆ្លាស់​កៅអីអង្គុយ​ដាច់​ឆ្ងាយ​ពីគ្នា​ជាការ​រក្សា​គម្លាត​សុវត្ថិភាព និង​លើកទឹកចិត្ត​ឱ្យមាន​ការទិញ​សំបុត្រ​តាម​អន​ឡាញ​ជាដើម។
​កញ្ញា គុយ កែវ​មរកត ជា​ប្រធាន​ផ្នែក​ទីផ្សារ​លើកឡើងថា រោងភាពយន្ត​របស់ខ្លួន បានរៀបចំ​រួចរាល់​ជាស្រេច​ដោយ​រង់ចាំតែ​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ឱ្យ​បើក​ដំណើរការ​ជាថ្មី​វិញ​តែប៉ុណ្ណោះ​។​កញ្ញា​បញ្ជាក់ថា វិធានការ​ជាច្រើន​នឹង​អនុវត្ត​នៅពេល​បើក​ដំណើរការ​ជាថ្មី ដោយ​រាប់បញ្ចូល​ទាំង​ការពិនិត្យ​កម្ដៅ ការរក្សា​អនាម័យ ការរក្សា​គម្លាត​គ្រប់​ទីតាំង​ក្នុង​បរិវេណ​រោងភាពយន្ត និង​ការកាត់បន្ថយ​ការប៉ះពាល់ និង​ការប្រើប្រាស់​លុយ​ដោយផ្ទាល់​ជាដើម ដោយ​រោងភាពយន្ត​នឹងដាក់​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា E Ticket​។ ការរក្សា​គម្លាត​នេះ គឺ​រោងភាពយន្ត​នឹង​កាត់បន្ថយ​ចំនួន​អ្នក​ចូល​ទស្សនា ក្នុង​សាល​ភាពយន្ត​នីមួយៗ​មក​ត្រឹម​ពាក់កណ្ដាល​នៃ​ចំនួន​នៅពេល​ធម្មតា និង​បង្កើន​ការ​សម្អាត​ជាប្រចាំ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print