ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញមធ្យោបាយល្មើសចំនួន ១,២៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើយោងតាម របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១,២៦៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៨៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល៩ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី០៩ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១០,៩០៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៨,០០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍ដដែលបានវាយតម្លៃរយៈពេល៩ថ្ងៃ នៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
ដោយ៖ សហការី