ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំ មេបញ្ជាការកងទ័ពជើងគោកអាស៊ាន តាមរយៈប្រព័ន្ធ Virtual Conference

ចែករំលែក៖

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ាន តាមរយៈប្រព័ន្ធ Virtual Conference ដោយមានវត្តមានចូលរួមរបស់មេបញ្ជាការកងទ័ពជើងគោកអាស៊ានទាំង ០៩ ប្រទេសផ្សេងទៀតកាលពី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ គឺជាការជួបប្រជុំលើកដំបូងតាមរយៈប្រព័ន្ធ Virtual Conference ដោយមានការសម្របសម្រួលពីកងទ័ពជើងគោកប្រ៊ុយណេ ដើម្បីពិភាក្សាអំពីការរៀបចំកម្មវិធីបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (ASEAN Armies Rifles Meet) និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ រួមទាំងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហាប្រឈមរួមគ្នា គឺការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលពិភពលោក និងអាស៊ានកំពុងជួបប្រទះ។

ក្នុងបរិបទនៃការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍អំពីវិធានការនានា ដែលរដ្ឋាភិបាល និងកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាននីមួយៗបានអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសអាស៊ានទាំង ១០ បានលើកឡើងអំពីតម្រូវការនៃការជួយគ្នាទៅវិញទៅមករវាងកងទ័ពជើងគោកអាស៊ាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ តាមរយៈការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិធានការឆ្លើយតបទាំងឡាយ ដែលសមស្រប។

មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសអាស៊ានទាំង ១០ ក៏បានឯកភាពគ្នាក្នុងការផ្អាកការរៀបចំកម្មវិធីបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (ASEAN Armies Rifles Meet) ឆ្នាំ២០២០ ដោយសម្រេចរៀបចំតែកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ASEAN Chiefs of Army Multilateral Meeting) តាមរយៈប្រព័ន្ធ Virtual Conference នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។

ទន្ទឹមនឹងនេះ មេបញ្ជាការកងទ័ពជើងគោកអាស៊ាន ក៏បានឯកភាពគ្នាក្នុងការណ៍ដែលកងទ័ពជើងគោក នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងកម្មវិធីនានារបស់កងទ័ពជើងគោកអាស៊ាន សម្រាប់ឆ្នាំ២០២១៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print