កូរ៉េខាងត្បូង៖ អភិបាលទីក្រុងសេអ៊ូលលោក Park Won Soon នៅថ្ងៃទី៩ខែកក្កដានេះត្រូវបានគេប្រកាសថាបានបាត់ខ្លួនហើយដោយរកមិនទាន់ឃើញឡើយ។ កន្លងមកលោកបានផ្ញើសារឲ្យកូនស្រី ហើយសារនោះត្រូវបានកូនរៀបរាប់ ដូចជា លិខិតបណ្តាំចុងក្រោយ។
កម្លាំងប៉ូលិស បានបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីស្វែងរកអភិបាលក្រុង Park Won Soon ។ យុទ្ធនាការស្វែងរកកំពុងធ្វើឡើងនៅ កំពូលភ្នំមួយក្នុងតំបន់Sungbuk ក្នុងទីក្រុងសេអ៊ូល។ តំបន់នោះបានបង្ហាញសញ្ញាទូរស័ព្ទចុងក្រោយរបស់លោកអភិបាលក្រុង។
តាមការលើកឡើងរបស់កម្លាំងប៉ូលិស ទូរស័ព្ទចល័តរបស់អភិបាលក្រុង បានបិទ។ នៅវេលាថ្ងៃត្រង់កូនស្រីរបស់លោក Park Won Soon បានទៅប្រាប់ប៉ូលិស ថាឪពុករបស់នាង បានទុកសារឲ្យ ដូចជាបណ្តាំចុងក្រោយ។ កូនស្រីអភិបាលក្រុងបានប្តឹងប៉ូលិសក្រោយ លោកចាកចេញពីផ្ទះប្រមាណ៤-៥ម៉ោង។ កូនស្រីរបស់លោកមិនបានបង្ហាញពីសារ ដែលឪពុកទុកឲ្យនោះឡើយ។
លោក Park Won Soon ជាអភិបាលក្រុងសេអ៊ូល៣អាណត្តិជាប់គ្នាចាប់ផ្តើមតាំងពីឆ្នាំ២០១១ មក។
លោកKim Ji Hyeong មន្ត្រីក្នុងតំបន់បានឲ្យដឹងថា លោក Park Won Soonមិនបានទៅកាន់កន្លែងធ្វើការឡើយនៅថ្ងៃ ទី៩ ខែកក្កដា ដោយមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ ។ មិនតែប៉ុណ្ណោះ លោកអភិបាលក្រុងបានលុបកាលវិភាគធ្វើការទាំងអស់រួមទាំងជំនួយ នៅក្នុងវិមានប្រធានាធិបតីផងដែរ៕
ដោយ៖ ធី រីណា